រាជរដ្ឋាភិបាល បានបញ្ចប់ជាស្ថាពរនៃការបោះបង្គោលព្រំដី និងផ្ទៀងផ្ទាត់និយាមកា គម្រោងព្រែកជីកហ្វូណនតេជោ និងគ្រោងចាប់ផ្តើមដាក់គ្រឿងចាក់ចូលសាងសង់ នៅចុងឆ្នាំនេះ
កែប៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា រាជរដ្ឋាភិបាល បានបញ្ចប់ការបោះបង្គោលព្រំដីនិយាមកា សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃនេះ ខណៈដែលគ្រោងនឹងចាប់ផ្តើមចល័តដាក់គ្រឿងចាក់ចូលសាងសង់ជាផ្លូវការ នៅចន្លោះពីខែ១១ ឬខែ១២ ចុងឆ្នាំនេះ។
ការអញ្ជើញចុះផ្ទៀងផ្ទាត់ និងបញ្ចប់ការបោះបង្គោលព្រំដីនិយាមកា សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដោយមានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការពិសេស និងតំណាងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមទាំងថ្នាក់ដឹកនាំខេត្តកែបផងដែរ។
សម្រាប់បេសកកម្មនាថ្ងៃនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូអមដំណើរ បានអញ្ជើញទៅកាន់ទីតាំងដើម្បីចុះផ្ទៀងផ្ទាត់និយាមកា និងធ្វើការបោះបង្គោលព្រំដីបញ្ចប់ជាស្ថាពរ សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ ដែលស្ថិតក្នុងភូមិសាស្រ្តឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ចំពោះការអនុវត្តការងារចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានសម្រេចរួចរាល់ទាំង ស្រុងត្រឹមថ្ងៃនេះ ដោយបានអនុវត្តក្នុងខេត្តកណ្តាល តាកែវ ខេត្តកំពត និងខេត្តកែប ជាភូមិសាស្រ្តបញ្ចប់ចុងក្រោយគេ ខណៈដែលបង្គោលព្រំដីដែលបានបោះរួចសរុបទាំងអស់មានចំនួន ១៩២០បង្គោល។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុនចាន់ថុល បានគូសបញ្ជាក់ថា បើទោះបីកម្ពុជា កំពុងមានជម្លោះព្រំដែនជាមួយថៃក៏ដោយ ប៉ុន្តែការការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ និងការអភិវឌ្ឍប្រទេសជាតិ គឺនៅដំណើរការទៅមុខដដែលអត់មានថយក្រោយនោះទេ ជាមួយនឹងការសាងសង់គម្រោងព្រែកជីកនេះ ស្របពេលដែលកម្ពុជាកំពុងមានបញ្ហាជម្លោះព្រំដែនជាមួយថៃ។ ម្យ៉ាងទៀត គម្រោងព្រែកជីកនេះនៅធ្វើតាមការគ្រោងទុក និងឱ្យបានចប់សព្វគ្រប់នៅឆ្នាំ២០២៨ ដើម្បីកម្ពុជាមានឯករាជភាព និងភាពជាម្ចាស់ការដោយខ្លួនឯងនៅក្នុងវិស័យការដឹកជញ្ជូនតាមផ្លូវទឹក ដោយតភ្ជាប់ពីទន្លេទៅសមុទ្រឲ្យបានឆាប់នាពេលខាងមុខនេះ។
សូមបញ្ជាក់ថា បន្ទាប់ពីប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត បច្ចុប្បន្ននេះ គម្រោងត្រូវបានអនុវត្តតាមផែនការសកម្មភាពជាដំណាក់កាលបន្តបន្ទាប់ ស្របទៅតាមផែនការដែលបានគ្រោងទុក។ ចំពោះការចល័តគ្រឿងចក្រចូល ដើម្បីចាប់ផ្ដើមសាងសង់ជាផ្លូវការ គ្រោងនឹងអនុវត្តក្នុងរដូវទឹកស្រក អំឡុងចុងឆ្នាំ២០២៥នេះ បន្ទាប់ពីក្រុមការងារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចប់ការដោះស្រាយផលប៉ះពាល់ និងទូទាត់សំណងរួចរាល់ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតាមតម្រាយព្រែកជីកនេះ៕
អត្ថបទ៖ ចេង ឆហួត