សម្តេចមហាបវរធិបតី ៖ កម្ពុជា គឺជាភស្តុតាងដ៏រស់រវើកមួយដែលមានតម្លៃជាសកល និង ជាគំរូសម្រាប់មនុស្សជាតិ និងពិភពលោក
អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អ៊ុន ផាន់ណាត
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "ព្រឹត្តិការណ៍ថ្ងៃនេះ បានរំឭកមនុស្សគ្រប់ៗរូបថា ថ្វីដ្បិតតែក្នុងខណៈណាមួយ ដែលខ្មៅងងឹតបំផុតក្នុងជីវិត ឬ ប្រវត្តិសាស្ត្ររបស់ខ្លួនក្តី ក៏មនុស្សជាតិរមែងអាចងើបឈរឡើងវិញបាន,ផ្សះផ្សាការបែកបាក់, ការឈឺចាប់ហើយប្រឹងប្រែងកសាងសាជាថ្មី ។ ក្នុងន័យនេះ កម្ពុជា គឺជាភស្តុតាងដ៏រស់រវើកមួយដែលមានតម្លៃជាសកល និង ជាគំរូ សម្រាប់មនុស្សជាតិ និងពិភពលោក ដោយក្នុងនោះ សន្តិភាព គឺជាមូលដ្ឋាន និង ជាកត្តាចំបង "។ នេះជាការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញអបអរសាទរព្រឹត្តិការណ៍នៃការចុះ"បូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នារសៀលថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "កម្ពុជាសង្ឃឹមជឿជាក់ថា «បូជនីយដ្ឋានចងចាំនៃកម្ពុជា»នឹងក្លាយជាផ្នែក មួយ នៃការចងចាំពិភពលោក ហើយក៏ជាទីតាំងដែលមជ្ឈដ្ឋាន អន្តរជាតិទូទាំងសកលលោក បានយល់កាន់តែច្បាស់ពីទុក្ខ លំបាករបស់ប្រជាជនកម្ពុជា ក្នុងពេលអតីតកាលព្រមទាំងភាពរឹងមាំរបស់ប្រជាជនកម្ពុជា ក្នុងការកសាងសន្តិភាពនិងការអភិវឌ្ឍ ក្រោមពាក្យស្លោក "អរគុណសន្តិភាព" ៕