ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធចូលរួមដាំដើមឈើគ្រប់ប្រភេទ ដេីម្បីបម្រេីផលប្រយោជន៍ដល់ជីវិតមនុស្ស និងសត្វ

image


ខេត្តព្រះសីហនុ៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អំពាវនាវចំពោះព្រះសង្ឃ អាជ្ញា ធរដែនដី វិស័យឯកជន និងជនរួមជាតិចូលរួមដាំដើមឈើគ្រប់ប្រភេទឱ្យបានច្រើនតាមដែលអាចធ្វើទៅបាននៅតាមទីវត្តអារាម ទីសាធារណៈ រមណីយដ្ឋាន តាមដងផ្លូវលំ ផ្លូវជាតិ ដងប្រឡាយ ភូមិដ្ឋាននានា ដើម្បីបានជាម្លប់ជាជម្រកមនុស្ស សត្វ បង្កើនជីវជាតិដីកសិកម្ម ជួយទប់កម្លាំងខ្យល់ ស្រូបឧស្ម័នកាបូនិច និងបម្រែបម្រួលធាតុអាកាស។

លោកអភិបាលខេត្តបានលើកឡើងដូចនេះនៅក្នុងពិធីបុណ្យរុក្ខទិវា ថ្នាក់ខេត្តនៅថ្នាលបណ្តុះកូនឈើ ក្នុងភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការពី លោក លោកស្រីក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ-អង្គភាព លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ព្រមទាំងប្រជាពលរដ្ឋជាច្រើននា ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ។

លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា រុក្ខទិវា ៩កក្កដា ក្នុងគោលបំណងបណ្តុះនូវស្មារតីដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីបរិស្ថាន អត្ថប្រយោជន៍នៃព្រៃឈើ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការដាំដុះ ថែរក្សាការពារព្រៃឈើ សំដៅប្រែក្លាយបរិស្ថានឱ្យមានភាពស្រស់បំព្រង និងអភិវឌ្ឍន៍ធនធាន ព្រៃឈើឱ្យកាន់តែសំបូរថែមទៀត ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ រូមចំណែកការពារ និងថែរក្សាព្រៃឈើជាកាតព្វកិច្ចចាំបាច់របស់ពលរដ្ឋគ្រប់ៗរូប។
  
លោកអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការបន្តគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃដោយរក្សាគម្របព្រៃឈើឱ្យលើស ៦០% នៃផ្ទៃប្រទេស ការស្តារព្រៃឈើឡើងវិញ ការទប់ស្កាត់ ការឆ្លើយតប ទាន់ពេលវេលាទៅនឹងភ្លើងឆេះព្រៃ និងការអភិរក្សតំបន់ដីមមោក ការលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពកាត់បន្ថយការពឹងផ្អែកលើការដកហូតអនុផលព្រៃឈើ ដោយការទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីព្រៃ និងដីតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ ការលើកកម្ពស់ការអភិរក្សតំបន់ការពារធម្មជាតិ ព្រៃឈើ និងសត្វព្រៃ និងការបង្ក្រាបបទ ល្មើសព្រៃឈើ ការជួញដូរ សត្វព្រៃ និងបទល្មើសធនធានធម្មជាតិ។

ការបាត់បង់ព្រៃឈើអាចបណ្ដាលឱ្យមានទឹកជំនន់ ខ្យល់កន្ត្រាក់ ផ្គរន្ទះ និងការរាំងស្ងួត ដែលធ្វើឱ្យទីតម្កល់ទឹកសម្រាប់តម្រូវការរបស់មនុស្ស សត្វត្រូវរីងស្ងួត ដែលនឹងឈានទៅរកការបាត់បង់សត្វព្រៃ ធនធានមច្ឆាជាតិ គ្រប់ប្រភេទ និងអាចបង្កឱ្យមានភាពរហោស្ថាន និងការធ្លាក់ចុះគុណភាពដីផងដែរ។
  
ដូចនេះ សូមបញ្ឈប់ការកាប់ឈើ ការកាប់រានដុតឈូសឆាយដី ព្រៃ ការបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃដោយខុសច្បាប់ ចូលរួមថែរក្សាការពារព្រៃឈើ ការពារភ្លើងឆេះព្រៃ ដើម្បីរក្សាការពារឱ្យបាននូវធនធានព្រៃឈើសម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត ស្របតាមពាក្យស្លោក "ព្រៃឈើដុះ យើងរស់ ព្រៃឈើល្អ យើងមានបាន បើ កាប់ព្រៃឈើ នឹងក្ររហេមរហាម"៕

អត្ថបទ ៖ ប៉ៃ សុឃីម