ព័ត៌មានជាតិ

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំជាន់ខ្ពស់ឆ្នាំ២០២៥ នៃកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន នៅប្រទេសស្វ៊ីស

image


ស្វីស៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានដឹកនាំគណៈប្រតិភូក្រសួង និងនិយ័តករទូរគមនាគមន៍កម្ពុជា ចូលរួមកិច្ចប្រជុំជាន់ខ្ពស់ឆ្នាំ២០២៥ នៃកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន (World Summit on the Information Society-WSIS +20 High-Level Event 2025) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។

កិច្ចប្រជុំកំពូលឆ្នាំ២០២៥នេះ ជាការជួបជុំរបស់ដៃគូអន្តរជាតិទាំងអស់ ដើម្បីពិនិត្យលទ្ធផលរយៈពេល ២០ឆ្នាំ ក្រោយការបង្កើតនាកិច្ចប្រជុំ WSIS នៅទុយនីស កាលពីឆ្នាំ២០០៥ ដោយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីប្រមាណ ៦០រូប អគ្គលេខាធិការសហភាពទូរគមនាគមន៍អន្តរជាតិ តំណាងជាន់ខ្ពស់អង្គការយូណេស្កូ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងសន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) តំណាងនិយ័តករប្រមាណ៤០រូប តំណាងទីភ្នាក់ងារជំនាញអង្គការសហប្រជាជាតិប្រមាណ៥០ រួមទាំងអ្នកចូលរួមជាច្រើនប្រទេសប្រមាណ៤០០០នាក់។

កិច្ចប្រជុំជាន់ខ្ពស់ឆ្នាំ២០២៥នេះ រួមមាន “កិច្ចប្រជុំកំពូលពិភពលោកស្ដីពីបញ្ញាសិប្បនិម្មិតដើម្បីមនុស្សជាតិ ឆ្នាំ២០២៥” (AI for Good Global Summit 2025) “វេទិកាហ្វ្រង់កូហ្វូនីស្ដីពីអភិបាលកិច្ចឌីជីថលនិងបញ្ញាសិប្បនិម្មិត” (Forum Francophone sur la gouvernance du numérique et de l’IA) និង “វេទិកាការតភ្ជាប់ហ្ស៊ីហ្កា ឆ្នាំ2025” (GIGA Connectivity Forum 2025) ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។

គួររំលឹកផងដែរថា កិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន (WSIS) បានចាប់ផ្ដើមកាលពីពីរទស្សវត្សរ៍មុននៅពេលប្រព័ន្ធអ៊ីនធឺណិត និងវេបចាប់ផ្ដើមរីកសាយបន្តិចម្ដងជុំវិញពិភពលោក។

កិច្ចប្រជុំកំពូលលើកទី១ នៅហ្សឺណែវ ប្រទេសស៊្វីស ឆ្នាំ២០០៣ និងកិច្ចប្រជុំកំពូលនៅក្រុងទុយនីស ប្រទេសទុយនេស៊ី ឆ្នាំ២០០៥ បានកំណត់ចក្ខុវិស័យនៃ “សង្គមព័ត៌មាន” តភ្ជាប់ដោយអ៊ីនធឺណិតដែលលើកតម្កើងមនុស្សជាតិ ប្រកបដោយបរិយាបន្ន និងគាំទ្រដំណើរការអភិវឌ្ឍ៕