ព័ត៌មានអន្តរជាតិ

ឥណ្ឌូណេស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញថាមពល និងផលិតផលកសិកម្មពីសហរដ្ឋអាម៉េរិកដើម្បីបញ្ជៀសពីសម្ពាធតារាងពន្ធគយលើទំនិញរបស់ខ្លួន

image


ឥណ្ឌូណេស៊ី៖ នៅរសៀលថ្ងៃពុធ ទី៩ ខែកក្កដា ឆ្នំា២០២៥នេះ ក្រុមហ៊ុនប្រេងរដ្ឋរបស់ប្រទេសឥណ្ឌូណេស៊ី ហើយនិងក្រុមហ៊ុនកសិកម្មបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្នាមួយដើម្បីបង្កើនការទិញនូវផលិតផលពីសហរដ្ឋអាម៉េរិក នេះបើតាមការអះអាងរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបានលើកឡើងប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានបារំាង ខណៈដែលក្រុមអ្នកជំនាញការមើលឃើញថា ជាវិធីសាស្រ្តមួយដើម្បីបញ្ជៀសពីផលអវិជ្ជមានចេញពីសម្ពាធតារាងពន្ធគយដែលដាក់ចេញដោយលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ត្រំា។
ឥណ្ឌូណេស៊ី ជាប្រទេសមានសេដ្ឋកិច្ចលូតលាស់ដ៏ធំសម្បើមរបស់អាស៊ាន បានសន្យាថានឹងបង្កើននូវនំាចូលផលិតផលមានដូចជាផលិតផលកសិកម្ម ថាមពល និងយន្តូបករណ៍នានាដើម្បីរក្សាគម្លាតឱ្យជិតជាមួយនឹងរដ្ឋការទីក្រុងវ៉ាស៊ីនតោន នៅមុនពេលដែលមានកិច្ចជាប់គំាងលើការព្រមព្រៀងទិញស្រូវសាលីបន្ថែមទៀតពីសហរដ្ឋអាម៉េរិកលើរង្វង់ទឹកប្រាក់ប្រមាណជា១.២៥ពាន់លានដុល្លារអាម៉េរិក។
លោកប្រធានាធិបតីអាម៉េរិក ដូណាល់ត្រំា បានធ្វើការគំរាមកំហែងដល់រដ្ឋការទីក្រុងហ្សាកាតាទៅលើការដាក់កំហិតតារាងពន្ធគយប្រមាណជា៣២%លើសពីតារាងពន្ធគយមូលដ្ឋានចំនួន១០% ដែលអាចនឹងចូលជាធរមាននៅថ្ងៃទី១ ខែសីហាខាងមុខ។
រដ្ឋមន្រ្តីសេដ្ឋកិច្ចឥណ្ឌូណេស៊ី ឈ្មោះ អ៊ែរឡំាងកា ហារតាតូ(Airlangga Hartarto) បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនដើម្បីចរចាអំពីពាណិជ្ជកម្ម បានលើកឡើងថា ក្រុមហ៊ុនប្រេងរដ្ឋ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ ដោយសន្យាថា នឹងទិញនូវផលិតផលមានដូចជាប្រេងបន្ថែមទៀត ពីសហរដ្ឋអាម៉េរិក។
ទោះបីជាបែបណាក្តី រដ្ឋមន្រ្តីសេដ្ឋកិច្ចឥណ្ឌូណេស៊ីដដែលរូបនេះ មិនបានលាតត្រដាងលើផែនការលំអិតអំពីតម្លៃជារួមនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននោះទេ ខណៈកាលពីសប្តាហ៍មុនធ្លាប់មានសេចក្តីរាយការណ៍ថា កិច្ចការពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌូណេស៊ីអាចនឹងបង្កើនរហូតដល់ទៅ៣៤ពាន់លានដុល្លារអាម៉េរិក។
ចំណែកឯស្ថានទូតឥណ្ឌូណេស៊ី ប្រចំានៅរដ្ឋធានីវ៉ាស៊ីនតោន បានលើកឡើងដែរថា កិច្ចព្រមព្រៀងនោះអាចនឹងនៅកកស្ទះនៅក្នុងកិច្ចពិភាក្សានៅឯរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃពុធនេះ។
បើផ្អែកតាមទិន្នន័យពីការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកបង្ហាញថា ឱនភាពពាណិជ្ជកម្មទំនិញរបស់ក្រុងវ៉ាស៊ីនតោនជាមួយនឹងទីក្រុងហ្សាកាតាមានទំហំប្រមាណជា ១៧.៩ពាន់លានដុល្លារអាម៉េរិកកាលពីឆ្នំា២០២៤ ឡើងដល់ទៅ៥.៤%លើសពីឆ្នំាមុន៕

ប្រែសម្រួលសង្ខេប៖ ប្រាក់ សម្ជស្ស
ប្រភព៖ AFP