ព័ត៌មានជាតិ

ម៉ាឡេស៊ី អំពាវនាវឱ្យប្រទេសក្នុងតំបន់អាស៊ានពង្រឹងពាណិជ្ជកម្មរវាងគ្នានិងគ្នា ស្របពេលសេដ្ឋកិច្ចសកលកំពុងស្រពេចស្រពិល

image


ម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នៅថ្ងៃពុធ (ទី៩ ខែកក្កដា) បានជំរុញបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន ឱ្យពង្រឹងពាណិជ្ជកម្មរវាងគ្នានិងគ្នា ជាពិសេសនៅពេលដែលស្ថានភាពសេដ្ឋកិច្ចពិភពលោកកាន់តែមានភាពមិនច្បាស់លាស់ ។

ការអំពាវនាវរបស់លោកអាន់វ៉ា ធ្វើឡើងនៅខណៈរដ្ឋមន្ត្រីការបរទេសអាស៊ាន កំពុងជួបប្រជុំគ្នា ដោយកិច្ចប្រជុំនេះ ធ្វើឡើងនៅស្របពេលមានក្ដីព្រួយបារម្ភសារជាថ្មីអំពីពន្ធគយពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក និងភាពតានតឹងរវាងប្រទេសថៃ និងកម្ពុជាជុំវិញបញ្ហាព្រំដែន ដែលអាចប៉ះពាល់ដល់ការរួបរួមគ្នានៅក្នុងតំបន់ ។

ទោះបីជាលោកអាន់វ៉ា (Anwar) មិនបានលើកឡើងពីឈ្មោះរបស់សហរដ្ឋអាមេរិកដោយផ្ទាល់ក៏ដោយ ក៏លោកបានរិះគន់ចំពោះសកម្មភាពនៃការកំណត់ពន្ធគយ, ការរឹតបន្តឹងចំពោះការនាំចេញ និងការដែលត្រូវគេយកទៅធ្វើជាឧបករណ៍នៅក្នុងជម្លោះភូមិសាស្ត្រនយោបាយជាដើម ។

កិច្ចប្រជុំអាស៊ាននៅថ្ងៃពុធនេះ ត្រូវគេរំពឹងថា នឹងបន្តដោយកិច្ចប្រជុំបន្ថែមទៀតរវាងអាស៊ាន និងដៃគូពាណិជ្ជកម្មពិភពលោកសំខាន់ៗ រួមមានសហរដ្ឋអាម៉េរិក ចិន ជប៉ុន រុស្ស៊ី ឥណ្ឌា និងសហភាពអឺរ៉ុប ។

កាលពីថ្ងៃចន្ទ (ទី៧ ខែកក្កដា) ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសលើកាតព្វកិច្ចពន្ធគយថ្មីពី ២៥% ទៅ ៤០% លើទំនិញពីប្រទេសចំនួន៦ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការណ៍នេះបានកើតឡើង បើទោះបីជាប្រទេសអាស៊ានមួយចំនួនបានព្យាយាមធ្វើការតវ៉ាលន់តួ និងចរចាសូមឱ្យមានអត្រាពន្ធទាបក៏ដោយ។ ក្នុងចំណោមប្រទេសអាស៊ាន មានតែប្រទេសវៀតណាមមួយប៉ុណ្ណោះដែលបានសម្រេចកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាម៉េរិកដោយជោគជ័យ ដែលបានកាត់បន្ថយពន្ធគយពី ៤៦% មកនៅត្រឹម ២០% ។

គួររម្លឹកថា បណ្ដាប្រទេសអាស៊ានដែលពឹងផ្អែកខ្លាំងលើការនាំចេញ ឥឡូវនេះជាតំបន់ដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី៥របស់ពិភពលោក។ ប្រទេសជាសមាជិកមួយចំនួនរបស់ខ្លួនបានទទួលអត្ថប្រយោជន៍ពីក្រុមហ៊ុនដែលផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ចេញពីប្រទេសចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect | រូបភាព៖ Reuters/ klsescreener/ globalktr