ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្ដីពី ការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនរវាងប្រទេសកម្ពុជា-សិង្ហបុរី

image


ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ចប់ដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសិង្ហបុរីដោយជោគជ័យ និងបានដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញហើយននៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។ រយៈពេល៣ថ្ងៃ នៃដំណើរទស្សនកិច្ចដ៏មានសារសំខាន់នោះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ថ្មីៗបន្ថែមទៀតក្នុងក្របខណ្ឌសហប្រតិបត្តិការទ្វេភាគី ដើម្បីពង្រឹងបន្ថែមគុណភាពនៃការអនុវត្តតួនាទី និងភារកិច្ចរបស់ក្រសួងមហាផ្ទៃ។

លទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ច មានជាអាទិ៍ ជំនួបពិភាក្សាទ្វេភាគីយ៉ាងស៊ីជម្រៅ និងប្រកបដោយស្មារតីមិត្តភាពរវាង លោកឧបនាយករដ្ឋមន្ត្រី ស សុខា និងលោក K. Shanmugam រដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃសិង្ហបុរី រហូតភាគីទាំងពីរឈានដល់ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្ដីពី ការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលជាឯកសារសហប្រតិបត្តិការស្នូលថ្មីមួយទៀតសម្រាប់កម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ។

ស្មារតីនៃជំនួបទ្វេភាគី និងការសម្រេចបានអនុស្សារណៈនៃការយោគយល់គ្នានេះ ក៏ត្រូវបាននាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ដែលទើបបញ្ចប់ទស្សនកិច្ចប្រកបដោយផ្លែផ្កានៅកម្ពុជាកាលពីសប្ដាហ៍មុន បង្ហាញការពេញចិត្ត និងអះអាងពីការត្រៀមលក្ខណៈគាំទ្របន្ថែមទៀតក្នុងកម្រិតថ្នាក់ដឹកនាំកំពូល។ នាឱកាសទទួល លោកឧបនាយករដ្ឋមន្ត្រី ស សុខា នៅវិមានរដ្ឋបាល នាយករដ្ឋមន្ត្រីសិង្ហបុរី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈ និងលទ្ធផលដ៏ជាក់ស្ដែងរបស់កម្ពុជា លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងបទល្មើសគ្រឿងញៀន ផងដែរ។

សូមបញ្ជាក់ថា នាឱកាសទស្សនកិច្ចសិង្ហបុរី លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានឆ្លៀតដឹកនាំគណៈប្រតិភូទស្សនកិច្ចទីតាំងសំខាន់ៗមួយចំនួនទៀត រួមមាន ការិយាល័យផ្ដល់សេវាសាធារណៈ មជ្ឈមណ្ឌលប្រឆាំងបទល្មើសឆបោក មន្ទីរប្រឆាំងគ្រឿងញៀន និងស្ដាប់ការធ្វើបទបង្ហាញសង្ខេបអំពីគំនិតផ្ដួចផ្ដើមប្រឆាំងភេវរកម្ម៕