លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ចុះពិនិត្យស្ថានភាពជាក់ស្តែងនៃការបង្រៀន និងរៀន នៅជំរំសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ស្រុកគូលែន ខេត្តព្រះវិហារ
ព្រះវិហារ៖ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបសំណេះសំណាល និងពិនិត្យស្ថានភាពនៃការបង្រៀន និងរៀននៅជំរំសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ស្រុកគូលែន ខេត្តព្រះវិហារ។
ក្នុងអំឡុងពេលបំពេញចុះពិនិត្យស្ថានភាពនេះ លោក ឧបនាយករដ្ឋមន្ត្រី បានជជែកពិភាក្សាជាមួយលោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធ ដើម្បីទទួលបានព័ត៌មានផ្ទាល់អំពីដំណើរការនៃការអប់រំ ក៏ដូចជាបញ្ហាប្រឈមនានា។ ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ យុវជន និងកីឡាផ្ទាល់ ក្នុងការធានាប្រសិទ្ធភាពនៃការអប់រំសម្រាប់សិស្សានុសិស្សនៅតាមតំបន់ដែលមានភាពងាយរងគ្រោះ និងបានលើកឡើងពីកិច្ចសហប្រតិបត្តិការយ៉ាងស្និទ្ធស្នាលរវាងក្រសួងអប់រំ ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពង្រឹងសេវាកម្មអប់រំឱ្យកាន់តែប្រសើរឡើងទោះក្នុងកាលៈទេសៈណាក៏ដោយ។
គួរបញ្ជាក់ថា សិស្សានុសិស្សតាមបណ្តោយព្រំដែននៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារជាង ៦០០នាក់ ដែលពួកគេបានជម្លៀសខ្លួនមកជាមួយឪពុកម្តាយមកកាន់ជំរំសុវត្ថិភាពនាពេលនេះ បានចូលរៀននៅសាលាបឋមសិក្សាដែលនៅជិតជំរំ ស្ថិតនៅវត្តពោធិ៍៥០០០ដើម ស្រុកគូលែន បន្ទាប់ពីមានការសម្របសម្រួលពីក្រសួងអប់រំ យុវជន និងកីឡា។
បើយោងតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ កុមារតូចៗ និងសិស្សប្រមាណ ១៤០០នាក់ បានមកតាមឳពុកម្តាយ ដែលធ្វើឱ្យកុមារជាសិស្សានុសិស្សមិនបានទទួលការសិក្សានោះទេ។ ក្រោយពីមានការសម្របសម្រួលពីថ្នាក់ដឹកនាំនាយកដ្ឋានបឋមសិក្សា រដ្ឋបាលស្រុក និងការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកគូលែន សិស្សានុសិស្សថ្នាក់ទី១ ដល់ថ្នាក់ទី៦ ចំនួន ៣៤៣នាក់ ស្រី ១៦៧នាក់ បានបន្តទទួលសិក្សា ដោយប្រើប្រាស់បន្ទប់រៀន ៦បន្ទប់ នៃសាលាបឋមសិក្សាដែលនៅជិតជំរំសុវត្ថិភាព ដោយកំណត់ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១:០០ និងពេលរសៀលចាប់ពីម៉ោង ១៤:០០ នាទី ដល់ម៉ោង ១៧:០០ នាទី។
នាឱកាសនេះដែរ លោកឧបនាយករដ្ឋមន្ត្រី បាននាំយកអំណោយជាច្រើនរួមមាន ទូរទស្សន៍វ័យឆ្លាត ១គ្រឿង សម្ភារសិក្សានៃកញ្ចប់សម្ភារអំណាន និងគណិតវិទ្យាថ្នាក់ដំបូង សៀវភៅសិក្សាគោលពីថ្នាក់ទី១ដល់ថ្នាក់ទី៩លើគ្រប់មុខវិជ្ជា សម្ភារកីឡា កាតាបនិងសម្ភារសិក្សាសម្រាប់កុមារ ម៉ាស៊ីន LCD ថេប្លេត សៀវភៅសរសេរ និងប៊ិក ដើម្បីផ្តល់ជូនដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួន សម្រាប់លើកទឹកចិត្តគ្រូបង្រៀន ដើម្បីដំណើរការបង្រៀននិងរៀន ជាពិសេសការបន្តអនុវត្តថ្នាលបឋម PLP៕