ក្រសួងមុខងារសាធារណៈ បន្តពង្រឹងការគ្រប់គ្រងការបើកផ្តល់បៀវត្ស និងប្រាក់ឧបត្ថម្ភជូនមន្ត្រីរាជការនិងមន្ត្រីជាប់កិច្ច សន្យា
ភ្នំពេញ៖ ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ទន្ទឹមនឹងភាពមមាញឹកក្នុងការអនុវត្តវិធានការគន្លឹះក្នុងការ កែទម្រង់រដ្ឋបាលសាធារណៈ ក្រោមការដឹកនាំផ្ទាល់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ក្រសួងមុខងារសាធារណៈ ក៏បានប្រឹងប្រែងបំពេញការងារយ៉ាងសកម្មក្នុងការធានានូវការបើកផ្តល់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ស្របតាមគោលការណ៍រាជរដ្ឋាភិបាល និងការធានានូវប្រសិទ្ធភាពនៃការគ្រប់គ្រងថវិការដ្ឋ។
យោងតាមក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា ទី១៖ ការបើកផ្តល់បៀវត្ស និងប្រាក់ឧបត្ថម្ភ ត្រូវបានអនុវត្តតាមគណនីរបស់មន្ត្រី ទាន់ពេលវេលា ទៀងទាត់ និងរៀងរាល់ ២សប្តាហ៍ម្តង។ ដោយឡែកនៅក្នុងខែដែលមានពិធីចូលឆ្នាំថ្មីប្រពៃណីជាតិនិងបុណ្យភ្ជុំបិណ្ឌ មន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យា ទទួលបានបៀវត្ស និងប្រាក់ឧបត្ថម្ភ មុនពេលពិធីបុណ្យ និងទទួលបានការបើកផ្តល់មុនកាលកំណត់ថែមទៀតនៅក្រោយពិធីបុណ្យ។
ការរៀបចំបើកផ្តល់ទាន់ពេល ទៀងទាត់ និងឆាប់រហ័សនេះ បានបង្ហាញនូវការយក ចិត្តទុកដាក់ខ្ពស់និងជាប្រចាំរបស់រាជរដ្ឋាភិបាលចំពោះជីវភាពរស់នៅ និងសេចក្តីត្រូវប្រចាំថ្ងៃរបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា។
ទី២៖ ការគ្រប់គ្រងការបើកផ្តល់បៀវត្ស និងប្រាក់ឧបត្ថម្ភប្រកបដោយប្រសិទ្ធភាព និងការធានានូវការប្រើប្រាស់ថវិកាដោយត្រឹមត្រូវ។ ក្រសួងមុខងារសាធារណៈ ដោយមានកិច្ចសហការពីក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានរៀបចំនូវយន្តការតាមដាន និងត្រួតពិនិត្យជាប្រចាំ លើការបើកផ្តល់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗដើម្បីធានាថា ថវិកាសម្រាប់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ ត្រូវបានប្រើប្រាស់ដោយត្រឹមត្រូវ និងចំគោលដៅកំណត់ដោយលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល។
ក្នុងស្ថានភាពដែលមានការបើកបៀវត្ស ឬប្រាក់ឧបត្ថម្ភមិនស្របតាមគោលការណ៍ ដោយហេតុការផ្តល់ព័ត៌មានដល់អង្គភាពមិនទាន់ពេលវេលាពាក់ព័ន្ធនឹងការប្រែប្រួល ស្ថានភាពមន្ត្រី ឬការបំពេញឯកសារមិនបានស្របតាមការកំណត់ ដូចជាករណី មរណភាព ការស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស ការស្ថិតក្រៅក្របខ័ណ្ឌដើមការចូល និវត្តន៍ ការឈប់សម្រាកពីការងារជាដើម ត្រូវបានតាមដាននិងត្រួតពិនិត្យជាប្រចាំដោយក្រសួងមុខងារសាធារណៈ។
ករណីមានការបើកហួស ក្រសួងមុខងារសាធារណៈ បានជំរុញឱ្យអង្គភាពនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើការបង្វិលសាច់ប្រាក់ចូលក្នុងថវិកាជាតិវិញ។ កិច្ចការនេះ ត្រូវបានយកចិត្តទុកដាក់ និងអនុវត្តជាប្រចាំ។
ទន្ទឹមនេះ ក្រសួងមុខងារសាធារណៈ បាននិងកំពុងពិនិត្យឡើងវិញដើម្បីកែលម្អបែបបទ និងនីតិវិធីនៃការបើកផ្តល់បៀវត្ស និងប្រាក់ឧបត្ថម្ភ ពិសេសតាមរយៈការអភិវឌ្ឍប្រព័ន្ធឌីជីថលនៃការបើកផ្តល់បៀវត្សនិងប្រាក់ឧបត្ថម្ភ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងការប្រើប្រាស់ថវិកាសម្រាប់បៀវត្ស និងប្រាក់ឧបត្ថម្ភឱ្យកាន់តែប្រសើរស្របតាមវិធានការកែទម្រង់របស់រាជរដ្ឋាភិបាល៕
អត្ថបទ៖ វង សុភ័ក្ត្រ