ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អំពាវនាវឱ្យសិស្សថ្នាក់ទី១២ ខិតខំយ៉ាងណា ប្រឡងដណ្តើមលទ្ធផលល្អ ជូនឪពុកម្តាយ និងសាលារៀន

image


ពោធិ៍សាត់៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោកកែវ រតន: នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ ជាង៣.០០០នាក់ ទូទាំងខេត្តពោធិ៍សាត់។ ពិធីជួបជុំសំណេះ
សំណាលនេះធ្វើឡើង នៅក្នុងបរិវេណពហុកីឡដ្ឋានខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ លោក លោកស្រី ជាក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្តពោធិ៍សាត់ផងដែរ។

លោក កែវ រតន: បានជម្រាបជូនថា គោលបំណងការជួបជុំថ្ងៃនេះ គឺដើម្បីតម្រង់ទិសនិងជំរុញឱ្យសិស្សានុសិស្ស ពួតផ្តុំចិត្តគំនិតនិងអារម្មណ៍ផ្ចិតផ្ចង់ យកចិត្តទុកដាក់ប្រឹងប្រែងក្នុងការសិក្សា ត្រៀមប្រឡងដណ្តើមលទ្ធផលជូនឪពុក ម្តាយ លោកគ្រូ អ្នកគ្រូ និងសាលាតែម៉្សាងប៉ុណ្ណោះ ព្រោះឱកាសសម្រាប់សិក្សាស្វែងយល់ នៅសល់ជាង៣០ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃប្រឡងគឺនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ។

លោករដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានជម្រាបជូនផងដែរ អំពីស្ថានភាពប្រទេសជាតិ ពិសេសតំបន់ព្រំដែនកម្ពុជា-ថៃ ដែលយើងទាំងអស់គ្នាបានស្គាល់អំពីល្បិចកលស្មោកគ្រោករបស់ចោរសៀម។ លោករដ្ឋមន្ត្រី ក៏បានបង្ហាញអំពីជំហរឥតងាករ៉េ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពីការអត់ធ្មត់បញ្ចៀសជម្លោះ និងការប្រកាន់យកដំណោះស្រាយ តាមយន្តការច្បាប់អន្តរជាតិ។

ទាក់ទងនិងវិស័យអប់រំ លោក កែវ រតន: បានគូសបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា សុខចិត្តកាត់បន្ថយថវិកាពីការស្ថាបនាផ្លូវកៅស៊ូមួយចំនួន ដើម្បីយកថវិកាទាំងនោះ មកកសាងសាលារៀនវិញ សំដៅបង្កើនធនធានមនុស្សនៅកម្ពុជា ប្រៀបទៅនឹងប្រទេសក្នុងតំបន់។

ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញកម្មវិធីជាតិបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: និងបច្ចេកទេសដល់គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងយុវជនដែលបោះបង់ការសិក្សា ឱ្យមកចូលរៀនយកចំណេះជំនាញ បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ដោយឥតគិតថ្លៃ។ ចំពោះយុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ ប្រមុខរាជរដ្ឋាភិបាល ឧបត្ថម្ភប្រាក់ប្រចាំខែចំនួន២៨ម៉ឺនរៀល ក្នុងអំឡុងពេលសិក្សាពេញម៉ោង។

លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលថា នេះជាយកចិត្តទុកដាក់លើកកម្ពស់កម្រិតធនធានមនុស្ស ឆ្លើយតបទៅនិងទីផ្សារការងារបច្ចុប្បន្ន ។ តាមផែនការការបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវ: និងបច្ចេកទេសនេះ ចំនួន១លាន៥សែននាក់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស រយ:ពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៨។ ចំពោះសិស្សានុសិស្សដែលបានបញ្ចប់ថ្នាក់ទី១២ ប្រឡងជាប់ក្តីឬមិនជាប់ក្តី ក៏មានឱកាស មកចុះឈ្មោះសុំរៀនយកមុខជំនាញវិជ្ជាជីវ: និងបច្ចេកទេសគ្រប់ជំនាញ និងគ្រប់កម្រិតមានសញ្ញាបត្រ បរិញ្ញាបត្ររងនិងបរិញ្ញាបត្រផងដែរ ហើយក្នុងនាមលោកជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តពោធិ៍សាត់ រួមជាមួយថ្នាក់ដឹកនាំខេត្តនៅពីក្រោយដើម្បីជួយជំរុញនិងសម្របសម្រួល៕

អត្ថបទ៖សេង ប៊ុនធឿន