ព័ត៌មានជាតិ

ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌកំបូល ប្រគេនទៀនព្រះវស្សា​ និងគ្រឿងបរិក្ខារ​ ចំពោះព្រះសង្ឈគង់ចាំព្រះវស្សា​ ស្ថិតក្នុងវត្តទាំង១៨​ នៃខណ្ឌកំបូល

image


ភ្នំពេញ៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង​ កន្ថាផាវី​ រដ្ឋមន្រ្តីក្រសួងកិច្ចការនារី​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌកំបូល រាជធានីភ្នំពេញ និងស្វាមី នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញប្រគេនទៀនព្រះវស្សា​ និងគ្រឿងបរិក្ខារ​ ចំពោះព្រះសង្ឈគង់ចាំព្រះវស្សា​ ស្ថិតក្នុងវត្តទាំង១៨​ នៃខណ្ឌកំបូល​ រាជធានីភ្នំពេញ​។

ទំនៀមបូជាទៀនវស្សា គឺជាផ្នែកមួយនៃការគោរពរបស់ពុទ្ធបរិស័ទ រំលឹកនឹកទៅដល់គុណូបការៈនៃព្រះសម្មាសម្ពុទ្ធសមណគោតម ដោយធ្វើការបូជាគ្រឿងសក្ការៈ ផ្គត់ផ្គង់ចង្ហាន់បិណ្ឌបាត និងគ្រឿងបរិក្ខារផ្សេងៗ ដល់ព្រះសង្ឃគង់ចាំវស្សា។ នេះជាទំនៀមមួយដែលបង្ហាញពីការរួមសាមគ្គីគ្នារបស់ពុទ្ធបរិស័ទខ្មែរ ក្នុងការហែទេយ្យទានទៅប្រគេនព្រះសង្ឃនៅតាមទីអារាមនានា និងរួបរួមគ្នាបរិច្ចាគធនធានទៅតាមសទ្ធាជ្រះថ្លា ក្នុងជំនឿចាប់យកនូវមគ្គផលកុសលផលបុណ្យ។

ពិធីចូលព្រះវស្សាជាច្បាប់មួយរបស់ព្រះពុទ្ធ តម្រូវឱ្យព្រះសង្ឃគ្រប់អង្គ ដែលប្រតិបត្តិសាសនាទ្រង់ ត្រូវគង់ចាំព្រះវស្សានៅក្នុងវត្តនីមួយៗ រយៈពេល ៣ខែ ទៅតាមពុទ្ធប្បញ្ញត្តិរបស់ព្រះសម្មាសម្ពុទ្ធនៃយើង។
បន្ទាប់ពីការគង់ចាំព្រះវស្សារយៈពេល ៣ខែ ផុតទៅ ព្រះភិក្ខុ និងសាមណេរ បានធ្វើដំណើរទៅដល់កន្លែងព្រះសម្មាសម្ពុទ្ធគង់នៅពេលនោះ ព្រះពុទ្ធ បានទូលសួរទៅភិក្ខុ សាមណេរ ទាំងអស់ថា ភិក្ខុ សាមណេរ មានសេចក្តីសុខទុក្ខយ៉ាងណា នៅពេលចាំវស្សានៅពាក់កណ្តាលផ្លូវបែបនេះ ភិក្ខុ សាមណេរ ក៏បានទូលប្រាប់ព្រះពុទ្ធ ថា សេចក្តីសុខទុក្ខជាធម្មតាទេ តែមានការលំបាកដោយមានភ្លៀងធ្លាក់ជោកជាំ ធ្វើឱ្យស្បង់ចីវរទទឹក ឬប្រឡាក់។ នេះជាបញ្ហាមួយ ដែលនាំផលវិបាកដល់ភិក្ខុ សាមណេរ ហើយចំណេរចីរកាលមក ក៏មានត្រណម មិនឱ្យព្រះសង្ឃនិមន្ត ចេញក្រៅវត្ត ដោយគ្មានភារកិច្ចចាំបាច់។

ដោយមានតំណាលបែបនេះ នៅពេលដល់ចូលព្រះវស្សា (គង់ចាំវស្សាក្នុងវត្ត) រយៈពេល ៣ខែ ភិក្ខុ សាមណេរ គង់ក្នុងវត្ត សិក្សារៀនសូត្រពីព្រះធម៌ និងព្រះវិន័យឱ្យបានល្អ ពីព្រោះរដូវនេះមានភ្លៀងធ្លាក់ ធ្វើឱ្យព្រះសង្ឃ ពិបាកក្នុងការនិមន្ត ដើរបិណ្ឌបាត រីឯប្រជាកសិករ ក៏មានការរវល់ក្នុងការធ្វើស្រែចម្ការផងដែរ។ លុះពេលចេញវស្សា ប្រជាពលរដ្ឋទូទាំងប្រទេស តែងធ្វើបុណ្យកឋិនដង្ហែទៅវត្តប្រគេនទេយ្យទាន ទេយ្យវត្ថុ ស្បង់ចីវរ ដល់ភិក្ខុ សាមណេរក្នុងវត្តនានា។

សូមជម្រាបថា តាមប្រតិទិន ឆ្នាំនេះពិធីបុណ្យចូលព្រះវស្សា ចូលនៅថ្ងៃសុក្រទី១រោច ខែអាសាឍ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ខាងមុខ។ ពិធីបុណ្យនេះត្រូវបានប្រជាជនកម្ពុជា គោរពប្រតិបត្តិជារៀងរាល់ឆ្នាំ តាមទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា៕

អត្ថបទ៖ សន​ ពិសិដ្ឋ រូបភាព៖ កែវ ភារុណ