ស្ងាត់ៗ អាជ្ញាធរខេត្តនគររាជសីមា ធ្វើតេស្តរកគ្រឿងញៀនលើមន្ត្រីចំនួន ២០០នាក់ដោយមិនឱ្យដឹងមុន ក្រោយមនុស្ស១៦៧នាក់តេស្តវិជ្ជមានសារធាតុញៀនកាលពីខែមុន
នគររាជសីមា, ថៃឡង់ដ៍៖ អាជ្ញាធរបានធ្វើតេស្ដស្វែងរកសារធាតុញៀនលើមន្ត្រីរដ្ឋាភិបាលប្រមាណជា ២០០នាក់ នៅសាលាខេត្ត កាលពីថ្ងៃអង្គារ។ ដំណើរការពិនិត្យសារធាតុញៀននេះ ធ្វើឡើងបន្ទាប់ពីមនុស្សចំនួន ១៦៧នាក់ រាប់បញ្ចូលទាំងភិក្ខុសង្ឃមួយព្រះអង្គផងដែរ និងរួមមានថ្នាក់ដឹកនាំមូលដ្ឋានមួយចំនួនទៀត បានធ្វើតេស្តឃើញវិជ្ជមានសារធាតុញៀន ក្នុងអំឡុងប្រតិបត្តិការធ្វើតេស្តត្រួតពិនិត្យចោះៗ (តេស្តមិនទូទៅលើបុគ្គលដែលមានការសង្ស័យថាមានសារធាតុញៀន) នៅតាមស្រុកចំនួន៣២ ។
អភិបាលខេត្តនគររាជសីមា លោក ឆៃវ៉ាត់ ឈឿនកុស៊ុម (Chaiwat Chuenkosum) កាលពីថ្ងៃអង្គារ បានបញ្ជាឱ្យមានការត្រួតពិនិត្យទឹកនោមលើបុគ្គលិករដ្ឋាភិបាលអចិន្ត្រៃយ៍ និងបណ្តោះអាសន្ន រួមទាំងមន្ត្រីជាប់កិច្ចសន្យារបស់ទីភ្នាក់ងាររដ្ឋនានាដែលមានមូលដ្ឋានស្ថិតនៅសាលាខេត្ត។ គំនិតផ្ដួចផ្ដើមនៃការធ្វើតេស្តនេះ គឺជាផ្នែកមួយនៃយុទ្ធនាការ "វ៉ាយកូរ៉ាត់៖ ឃ្លីនយ៉អូនហៅស៍" (White Korat: Clean Your Own House) ដែលមានគោលបំណងបង្កើតតំបន់សុវត្ថិភាព និងកាត់បន្ថយការប្រើប្រាស់គ្រឿងញៀន ។
ការធ្វើតេស្តនេះ ធ្វើឡើងនៅឯសាលសន្និសីទប្រែមទីនស៊ូឡាណុនដា (Prem Tinsulanonda) ដែលស្ថិតនៅជាន់ទី២នៃអគាររដ្ឋាភិបាលខេត្ត។ បុគ្គលិករដ្ឋាភិបាលប្រមាណជា២០០ នាក់ត្រូវបានធ្វើតេស្ត ដោយមិនមានការជូនដំណឹងជាមុនឡើយ ។
កាលពីខែមុន មនុស្សជាង ៣៤,០០០ នាក់មកពីក្រុមផ្សេងៗគ្នា ដូចជាមន្ត្រីរាជការ អ្នកស្ម័គ្រចិត្ត មន្ត្រីមូលដ្ឋាន ព្រះសង្ឃ សិស្សានុសិស្ស និងមន្ត្រីរដ្ឋការសាធារណៈ ត្រូវបានធ្វើតេស្តនៅទូទាំងខេត្ត។ ក្នុងចំណោមក្រុមទាំងអស់នោះ មនុស្ស ១៦៧នាក់ បានធ្វើតេស្តឃើញវិជ្ជមានសារធាតុញៀនខុសច្បាប់។ ក្នុងចំណោមនោះ មានអ្នកស្ម័គ្រ២នាក់ មេភូមិ២នាក់ មេភូមិរងចំនួន៥នាក់ ភិក្ខុសង្ឃមួយព្រះអង្គ មន្ត្រីរដ្ឋការសាធារណៈ ១៤៧នាក់ និងមនុស្ស ១០នាក់ផ្សេងទៀត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Bangkok Post | រូបភាព៖ Prasit Tangprasert via Bangkok Post/ Thailand News