ព័ត៌មានជាតិ

អាជ្ញាធររាធានីភ្នំពេញ​ ព្រមានរុះរេីលំនៅឋាន៣គ្រួសារ​ បេីនៅតែមិនព្រមទទួលយកសំណង​ពីគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម–ព្រែកប្រា​

image


ភ្នំពេញ៖​ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈកម្មការអន្តរក្រសួង បានប្រើរយៈពេលជាង១ឆ្នាំក្នុងការដោះស្រាយជាមូយប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបសាក់
(ចាក់អង្រែក្រោម–ព្រែកប្រា)។ មកដល់ពេលនេះ ផលប៉ះពាល់មួយចំនួនធំត្រូវបានដោះស្រាយបញ្ចប់ ប៉ុន្តែមានប្រជាពលរដ្ឋចំនួន៣គ្រួសារប៉ុណ្ណោះ មិនទាន់ទទួលយកសំណងពីអាជ្ញាធរនៅឡើយទេ ទោះបីអាជ្ញាធរសម្រេច ប្រគល់សំណងជូនពួកគាត់ជាង​ ៣លានដុល្លារយ៉ាងណាក្តី។

ជាក់ស្តែងនៅរសៀលថ្ងៃទី៨​ ខែកក្កដា​ ឆ្នាំ​២០២៥​ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការអញ្ជើញពួកគាត់ទាំង​ ៣គ្រួសារ​ មកប្រជុំពិភាក្សារកដំណោះស្រាយម្តងទៀតនៅសាលារាជធានីភ្នំពេញ។​ ជាលទ្ធផលគឺពួកគាត់នៅតែទាមទាសំណងហួសហេតុ មិនអាចទទួលយកបានដដែល​ ពោលគឺ​ បានទាមទាគុណនឹង២ គុណនឹង៣នៃសំណងដែលរដ្ឋបានប្រគល់ជូន។

លោក ឃួង ស្រេង បានលើកឡើងថា ដីរបស់គាត់ដែលរងផលប៉ះពាល់នេះ មិនមែនយកមកដើម្បីជាប្រយោជន៍ខ្លួនឯងទេ គឺដើម្បីធ្វើស្ពាន ធ្វើផ្លូវឱ្យប្រជាពលរដ្ឋទូទៅបានធ្វើដំណើរ ដោះស្រាយការកកស្ទះចរាចរ។​ ដូច្នេះអ្នកទាំង៣គ្រួសារមេត្តាយោគយល់។ អាជ្ញាធរក្នុងនាមជាម៉ែជាឪប្រជាពលរដ្ឋមិនចង់ប៉ះពាល់ជាមួយប្រជាពលរដ្ឋទេ កុំទាសំណងថ្លៃខ្លាំងពេក រហូតរដ្ឋមិនអាចទទួលយកបាន។

លោក​ ឃួង ស្រេង បានបន្ថែមទៀតថា តម្លៃដីរហូតដល់ជាង៣លានដុល្លារនេះ សមល្មមហើយ ប៉ុន្តែនៅតែទទួលយកមិនបាន។ ពួកគាត់អាចជួលក្រុមហ៊ុនអចលនៈទ្រព្យចំនួន២ក្រុមហ៊ុន មកសិក្សាពីតម្លៃនៅលើទីតាំងបាន ដោយរដ្ឋបាលរាជធានីភ្នំពេញសុខចិត្តចេញលុយថ្លៃក្រុមហ៊ុនឱ្យថែមទៀត។​ បើនៅតែមិនត្រូវគ្នាទៀត រដ្ឋបាលរាជធានីភ្នំពេញ គ្មានជម្រើសអ្វីក្រៅពីអនុវត្តវិធានការរដ្ឋបាលដើម្បីរុះរើនោះទេ ព្រោះវាល្មមដល់ពេលហើយ មិនអាចបន្តដោះស្រាយទៅមុខទៀតទេ។ ក្រោយការអនុវត្តច្បាប់រដ្ឋបាលដើម្បីរុះរើ ពួកគេអាចបន្តប្តឹងទៅតុលាការបាន។

លោក​ ឃួង ស្រេង បានបញ្ជាក់ផងដែរថា​ ថវិកាជាង៣លានដុល្លារដែលនឹងប្រគល់ជូននេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចរួចហើយ មិនអាចបន្ថែមបានទៅតាមការទាមទាស្រេចតែចិត្តនោះទេ។ ចុងក្រោយនេះអាជ្ញាធររាជធានីភ្នំពេញមានជម្រើស២សម្រាប់ពួកគាត់ ទី១ ទាំង៣គ្រួសារអាចរុះរើដោយខ្លួនឯង រដ្ឋបាលរាជធានីភ្នំពេញនឹងប្រគល់ថវិកាជូនថ្លៃរុះរើចំនួន​ ១០ម៉ឺនដុល្លារ​ និងទី២ រដ្ឋបាលរាជធានីភ្នំពេញនឹងជួលគេឱ្យមករុះរើ។ ការណ៍នេះអាជ្ញាធររាជធានីភ្នំពេញមិនមានចេតនាណាមួយចង់អនុវត្តវិធានការរដ្ឋបាលដើម្បីរុះរើនោះទេ តែវាដល់ពេលហើយ។

សូមបញ្ជាក់ថា​ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់មិនទទួលយកសំណងខាងលេី​ រួមមាន គ្រួសារ ឈ្មោះ ប៊ូ ឆាយ សំណងផលប៉ះពាល់ទឹកប្រាក់ សរុបចំនួន ៩៣៩.៣៨០,៥២$ (ប្រាំបួនរយសាមសិបប្រាំបួនពាន់បី រយប៉ែតសិបដុល្លារអាមេរិក និងហាសិបពីរសេន)។ គ្រួសារឈ្មោះ ហុក សេងគឹម សំណង​ ផលប៉ះពាល់ទឹកប្រាក់សរុបចំនួន ២.២០៩.៥៤៣,១៥ដុល្លាត​ (ពីរលានពីររយប្រាំបួនពាន់ប្រាំរយសែសិបបីដុល្លារអាមេរិក និងដប់ប្រាំសេន) និងគ្រួសារឈ្មោះ ហុក សេងជួរ សំណងផលប៉ះពាល់ទឹកប្រាក់សរុបចំនួន ១៧១.៨៣៨,១៩ដុល្លារ (មួយរយចិត សិបមួយពាន់ប្រាំបីរយសាមសិបប្រាំបីដុល្លារ និងដប់ប្រាំបួនសេន)។ សំណងទាំងនេះពួកគាត់មិនទទួលយកទេ។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)​ ស្ថិតនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។​ គម្រោងនេះនឹងផ្តល់នូវអត្ថប្រយោជន៍ដ៏សំខាន់ក្នុងការផ្សារភ្ជាប់សេដ្ឋកិច្ច-សង្គម រវាងតំបន់ខាងកើត និងខាងលិចរាជធានីភ្នំពេញ តភ្ជាប់ទៅតំបន់អភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ ហើយក៏នឹង ក្លាយជាខ្សែផ្លូវវាងដ៏សំខាន់ក្នុងការបញ្ចៀសការកកស្ទះចរាចរណ៍ដែលកើតមានជារៀងរាល់ថ្ងៃនៅចំណុចស្ពានព្រះមុនីវង្ស៕