លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ ស្នើឱ្យផ្តល់ពានរង្វាន់ណូបែលសន្តិភាពដល់លោក ដូណាល់ ត្រាំ
អ៊ីស្រាអ៊ែល៖ កាលពីពេលថ្មីៗកន្លងទៅ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានជួបគ្នាជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ដោយនៅក្នុងជំនួបនោះ លោកណេតាន់យ៉ាហ៊ូ បានប្រកាសថា លោកបានស្នើឱ្យគណៈកម្មាធិការណូបែល ពិចារណាផ្ដល់ពានរង្វាន់ណូបែលសន្តិភាពដល់លោកត្រាំ។ លោកណេតាន់យ៉ាហ៊ូ បានប្រគល់លិខិតស្នើសុំដោយផ្ទាល់ដល់លោកត្រាំ ខណៈជំនួបនៅឯសេតវិមាន ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅមុនចាប់ផ្ដើមពិសាភោជនាហារពេលល្ងាចរវាងមន្ត្រីអាម៉េរិក និងអ៊ីស្រាអ៊ែល លោកណេតាន់យ៉ាហ៊ូ (Netanyahu) និយាយថា សហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែល កំពុងធ្វើការជាមួយប្រទេសផ្សេងៗទៀត ដើម្បីកែលម្អអនាគតដ៏ល្អប្រសើរសម្រាប់ប៉ាឡេស្ទីន ។
លោកបានលើកឡើងពីគំនិតដែលថា ប្រជាជននៅតំបន់ហ្គាហ្សា អាចស្នាក់នៅទីកន្លែងដដែលបើពួកគេចង់នៅ ប៉ុន្តែពួកគេក៏អាចផ្លាស់ទីទៅរស់នៅប្រទេសផ្សេងទៀត ប្រសិនបើពួកគេចង់ចាកចេញពីទីនេះ។ លោកបានរៀបរាប់ជាបន្តទៀតថា អ៊ីស្រាអ៊ែលកំពុងធ្វើការជាមួយសហរដ្ឋអាម៉េរិក និងប្រទេសមួយចំនួន ដែលនឹងជួយផ្ដល់អនាគតដ៏ល្អប្រសើរមួយសម្រាប់ប៉ាឡេស្ទីន ។
គួររម្លឹកថា កិច្ចប្រជុំនេះ ធ្វើឡើងនៅខណៈដែលមន្ត្រីអ៊ីស្រាអ៊ែល កំពុងចរចាដោយប្រយោលជាមួយក្រុមហាម៉ាស់ ដោយមានការចូលរួមពីសហរដ្ឋអាម៉េរិក ដើម្បីព្យាយាមធ្វើយ៉ាងណាឱ្យភាគីជម្លោះឈានដល់បទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect | រូបភាព៖ Mark Schiefelbein, Jacquelyn Martin, Angela Weiss via The Associated Press/ Reuters