ព័ត៌មានជាតិ

ធនាគារឯកទេសវីង និងរដ្ឋាករស្វ័យដឹកជញ្ជូនសាធារណៈរថយន្តក្រុង សម្ពោធឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់តាមអេឡិចត្រូនិក លើរថយន្តក្រុងសាធារណៈដំបូងបង្អស់នៅកម្ពុជា

image

(ភ្នំពេញ) ៖ ការដាក់សម្ពោធឲ្យប្រើប្រាស់នូវប្រព័ន្ធទូទាត់តាមអេឡិចត្រនិក តាមការឆូតកាតរថយន្តក្រុងសាធារណៈនេះ ធ្វើឡើងនៅថ្ងៃទី ១៩ ខែមិថុនានេះ ក្រោមវត្តមានរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមនិងប្រជាពលរដ្ឋ សិស្សានុសិស្ស ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើននាក់។
តាមរយះកាតរថយន្តក្រុងសាធារណៈ រួមនិងបច្ចេកវិទ្យារបស់វីង ប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួលជាងមុន ដោយគ្រាន់តែ ជិះរថយន្តក្រុងទាំង១៥៥ ពុំចាំបាច់ព្រួយបារម្ភរឿងកាន់សាច់ប្រាក់ក្នុងដៃ។

បើតាមលោក អ៊ាន សុឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូន បានឲ្យដឹងថា ប្រព័ន្ធទូទាតតាមអេឡិចត្រូនិកនេះ មានសារៈសំខាន់ ក្នុងការចូលរួមចំណែកបង្កើនសមត្ថភាពគ្របគ្រងលើសេវាដឹកជញ្ជូនសារណៈរថយន្តក្រុងរបស់រដ្ឋាករ ពិសេសការគ្រប់គ្រង ចំណូល និងទិន្ន័យអភិថិជន។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង បានមានប្រសាសន៍ថា ធនាគារវីង បានយល់ច្បាស់ពីតម្រូវការក្នុងការធ្វើ យ៉ាងណាឲ្យសេវាដឹកជញ្ជូនសាធារណៈ ក្លាយជាជម្រើសទីមួយ ក្នុងការធ្វើ ដំណើរក្នុងរាជធានីភ្នំពេញ។ លោកថា ជាមួយ បច្ចេកវិទ្យារបស់វីង ប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួលជាងមុន ក្នុងការធ្វើដំណើរដោយពុំចាំបាច់មាន សាច់ប្រាក់ សាំញុំាក្នុងដៃ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជាមួយនិងការបំពាក់ម៉ាស៊ីនទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនេះ លោកជឿជាក់ថា រដ្ឋាករ និងមានសមត្ថភាពកាន់តែប្រសើរឡើងថែមទៀត ក្នុងការគ្រប់គ្រងចំណូល និងទិន្ន័យអតិថិជន ។ ជាមួយគ្នានេះ ឯកឧត្តម សុំឲ្យភាគីទាំងពីរ គឺវីង និងរដ្ឋាករ ស្វយ័តដឹកជញ្ជូនរថយន្តក្រុងសាធារណៈ បន្តកិច្ចសហការជាមួយគ្នា ឲ្យបានជោគជ័យនាពេលអនាគត។

ប្រជាពលរដ្ឋ រួមនិងសិស្សានុសិស្សដែលបានប្រើប្រាស់រថយន្តក្រុងសាធារណៈនេះ បានសំដែងក្តីរីករាយ ចំពោះការធ្វើ ដំណើរ និងការចូលរួមចំណែករបស់វីង ក្នុងការផ្តល់ភាពងាយស្រួលជាងមុនក្នុងការទូទាត់សាច់ប្រាក់ដែលមិនចាំបាច់ព្រួយបារម្ភពី រឿងសាច់ប្រាក់ក្នុងហោប៉ាវ។

សូមជំរាបថា បច្ចុប្បន្ននេះ ខ្សែរត់រថយន្តក្រុងសាធារណៈមានចំនួន៨ខ្សែ ប្រើប្រាស់រថយន្ត១៥៥គ្រឿង ហើយក្នុងរថយន្តនីមួយៗ ប្រើប្រាស់ អ្នកបើកបរ ២នាក់ និងបុគ្គលិកលក់សំបុត្រ២នាក់ ចែកជាពីរវេនក្នុងមួយថ្ងៃ។ គិតរហូតមកពេលនេះ រថយន្តក្រុង សាធារណៈនេះមានអ្នកជិះពី ២ម៉ឺន ទៅ ២ម៉ឺន១ពាន់នាក់ក្នុងមួយថ្ងៃ៕




អត្ថបទ ៖ អៀវ ឈៀងនី