និស្សិតអនុបណ្ឌិតវិស្វកម្មម្នាក់ ត្រូវរថយន្តបុកស្លាប់នៅផ្លូវបំបែកជាបួនក្នុងខណ្ឌទួលគោក
ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូឆ្លងផ្លូវបំបែក ស្រាប់តែត្រូវរថយន្ត FORTHING បើកមកបុកទាំងកំរោល បណ្តាលឲ្យមនុស្ស និងម៉ូតូខ្ទាតទៅបោកផ្ទប់នឹងបង្គោលភ្លើងស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ១២:៥០នាទីអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅផ្លូវលេខ៣១៣ កែងផ្លូវលេខ៥៦៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា គេបានឃើញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1H-2176 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣១៣ ទិសដៅពីលិចទៅកើត ឆ្លងផ្លូវបំបែក។ ស្របពេលនោះក៏មានរថយន្តពណ៌ស១គ្រឿង បើកបរតាមបណ្តោយផ្លូវលេខ៥៦៦ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុរថយន្តក៏បានបុកម៉ូតូពេញទំហឹង បណ្តាលឲ្យម៉ូតូប៉ើងខ្ទាតទៅបោកនឹងបង្គោលភ្លើងបណ្តាលឲ្យអ្នកបើកម៉ូតូបានស្លាប់ភ្លាមៗ។
អ្នកឃើញហេតុការណ៍បានបន្តថា បន្ទាប់ពីបុករួចគេបានឃើញរថយន្តនោះបើករត់គេចចេញពីទីតាំងកើតហេតុ ខណ:ម៉ូតូត្រូវបានរងការខូចខាត ចំណែកមនុស្សត្រូវបានស្លាប់នៅនឹងកន្លែង។ បន្ទាប់មកគេបានឃើញក្រុមគ្រួសារជនរងគ្រោះ បានធ្វើដំណើរមកដល់ទីតាំងកើតហេតុ ស្រែកទ្រហោរយំសោកបោកខ្លួន ព្រមទាំងលើកឡើងថា បុរសរងគ្រោះបច្ចុប្បន្នកំពុងរៀនបញ្ចប់អនុបណ្ឌិតផ្នែកវិស្វកម្ម។
សូមបញ្ជាក់ថា រថយន្តបង្កបន្ទាប់ពីបើករត់គេចក៏បានបន្សល់ស្លាកលេខរបស់ខ្លួននៅទីតាំងកើតហេតុ បន្ទាប់ពីស្គេន QR CODE រួចមកគេបានឃើញរថយន្តមានម៉ាក DONGFENG FORTHING ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-0238។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌទួលគោកឱ្យចុះមកទីតាំងកើតហេតុ ដើម្បីធ្វើការវាស់វែងយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុក ព្រមទាំងប្រមូលយកស្លាកលេខរថយន្តបង្ក យកទៅធ្វើការស្រាវជ្រាវដើម្បីអនុវត្តតាមនីតិវិធីច្បាប់នៅពេលក្រោយ។ ចំណែកសព ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រួសារ៕
អត្ថបទ៖ រដ្ឋ រង្សី