បុរសម្នាក់ខ្ចីម៉ូតូគេជិះទៅទិញនំខួបកំណើតសម្រាប់ខ្លួនឯង តែត្រូវរថយន្តដែលអ្នកបើកបរក្នុងស្ថានភាពស្រវឹងបុកស្លាប់ នៅខណ្ឌសែនសុខ
ភ្នំពេញ៖ បុរសម្នាក់បើកបររថយន្តក្នុងស្ថានភាពស្រវឹងស្រាជោគជាំ បានបុកម៉ូតូ២គ្រឿងបណ្តាលឲ្យបុរសម្នាក់ស្លាប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ កាលពីវេលាម៉ោង ១០:៥០នាទីយប់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ នៅផ្លូវលេខ១០៥k សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីយុវជនម្នាក់ដែលជាអ្នកដឹកជញ្ជូន និងជាអ្នកនៅក្នុងហេតុការណ៍ខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូស្កូពីពណ៌ខ្មៅរបស់គាត់ឆ្លងកាត់ទីតាំងកើតហេតុ ដោយឃើញរថយន្តបង្កម៉ាកតូយូតាព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BO-3925 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០៥k ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏មានម៉ូតូ PCX ១គ្រឿងធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវលេខ១០៥K ក្នុងទិសដៅបញ្ជ្រាសទិសគ្នាជាមួយរថយន្ត ក៏ត្រូវបានរថយន្តរេចង្កូតទៅបុកពេញទំហឹង បណ្តាលឲ្យម៉ូតូខ្ទាតចូលព្រៃចិញ្ចើមផ្លូវបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ចំណែកម៉ូតូ PCX ដែលមានស្លាកលេខ ភ្នំពេញ 1LA-7738 ត្រូវបានរងការខូចខាតមួយកំណាត់មុខ។
យុវជនដឹកជញ្ជូនខាងលើ បានបន្ថែមទៀតថា ដោយសារតែខ្លួននៅជាប់នឹងហេតុការណ៍ពេលឃើញរថយន្តបុកម៉ូតូខាងមុខខ្លួនក៏ភ័យពេកលោតចេញពីលើម៉ូតូ បណ្តាលឲ្យម៉ូតូស្កូពីរបស់គាត់ធ្លាក់ផ្លូវខ្ទាតទៅក្បែរម៉ូតូរបស់ជនរងគ្រោះ ចំណែកគាត់បានរងរបួសស្រាល។ បន្ទាប់ពីបុករួច ពលរដ្ឋបានទាក់ទងទៅកាន់រថយន្តសាម៉ុយ ដើម្បីបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់ តែជាអកុសលជនរងគ្រោះបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
ទាក់ទងនឹងបញ្ហានេះ មុនពេលកើតហេតុ បុរសរងគ្រោះបានខ្ចីម៉ូតូ PCX របស់គេ ដើម្បីជិះទៅទិញនំខួបកំណើតទុកធ្វើខួបឱ្យខ្លួនឯង តែបែជាជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទៅវិញ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកាន់ទីតាំងខាងលើ និងបាននាំខ្លួនម្ចាស់រថយន្តបង្កដែលកំពុងស្ថិតក្នុងស្ថានភាពស្រវឹងទៅប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរនាំ និងបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្ក រួមទាំងម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕
អត្ថបទ រដ្ឋ រង្សី