ព័ត៌មានជាតិ

ពលករខ្មែរមកពីថៃ ចំនួន ៣៤នាក់ ទទួលបានឱកាសការងារភ្លាមៗនៅក្នុងខេត្តកោះកុងក្រោយវិលមកកម្ពុជាវិញ

image


កោះកុង៖ នៅថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ ពលករខ្មែរចំនួន ៣៤នាក់ដែលទើបត្រឡប់ពីប្រទេសថៃ បានទទួលឱកាសការងារនៅតំបន់សេដ្ឋកិច្ចពិសេសចេជាង និងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ក្រោមការសម្របសម្រួលពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ក៏ដូចជាអាជ្ញាធរខេត្តកោះកុងផងដែរ។


ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក យក់ សង្វាត បានឱ្យដឹងថា ពលករទាំង ៣៤រូប ដែលមានស្ត្រី ១២នាក់ បានផ្តើមធ្វើការនៅថ្ងៃចន្ទ ទី២៣ នេះ ដោយ ៣២នាក់ធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសចេជាង ខណៈដែលពលករពីររូបដែលជាប្តីប្រពន្ធទៅធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ដែលមានទីតាំងក្នុងស្រុកមណ្ឌលសីមា ក្នុងជំនាញកសិកម្ម។


ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានអបអរសាទរទៅដល់ពលករទាំង ៣៤រូបដែលទទួលបានឱកាសការងារភ្លាមៗពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរខេត្តកោះកុងដែលសម្របសម្រួលជួយផ្គូផ្គងផ្តល់ឱកាសការងានៅកន្លែងតែម្តង។
បើយោងតាមទីភ្នាក់ងារជាតិមុខរបរ និងការងារ ខេត្តកោះកុង មានឱកាសការងារប្រមាណជាង ៧០០០កន្លែងដែលកំពុងរង់ចាំការដាក់ពាក្យបំពេញការងារ ខណៈដែលកម្ពុជាកំពុងត្រូវការកម្លាំងពលកម្មប្រមាណ ២៥ម៉ឺននាក់នៅទូទាំងប្រទេស។


ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលបានវិលត្រឡប់ពីប្រទេសថៃវិញ ក៏ដូចជាមានបំណងវិលត្រឡប់ពីប្រទេសថៃសូមទាក់ទង និងចូលសាកសួរព័ត៌មាននៅមណ្ឌលសំចត ឬកន្លែងទទួលពលករនៅតាមច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីទទួលបានឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់នៅកម្ពុជា ក៏ដូចជាការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលជាការគិតគូររបស់រាជរដ្ឋាភិបាល៕