ព័ត៌មានជាតិ

ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយអំពីទស្សនវិស័យច្បាស់លាស់ និងសមិទ្ធផលការងារ ដែលសម្រេចបាន សម្រាប់រយៈពេល ២១ខែកន្លងមក

image


ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៩ ខែមិថុនានេះ បានរៀបចំវិបស្សនាស្តីពី “ការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងការធ្វើជំរឿនមន្រ្តីរាជការ” ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ កម្មវិធីវិបស្សនានេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងមុខ ងារសាធារណៈ ព្រមទាំងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត ចំនួនប្រមាណ ៦០០នាក់។

ក្នុងពិធីបើក លោកឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី បានលើកឡើងថា “វិបស្សនានាថ្ងៃ នេះមានគោលបំណងដើម្បី ១- ផ្សព្វផ្សាយអំពីទស្សនវិស័យច្បាស់លាស់ និងសមិទ្ធផលការងារដែលសម្រេចបាន ក្នុងការអនុវត្តការងារកំណែទម្រង់ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ។ ២-ជាវេទិកាពិភាក្សាស្វែងរកធាតុចូលបន្ថែមលើចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ផលជះនានា វិធានការដំណោះស្រាយ និងសំណូមពរការងារផ្សេងៗ។ និង៣- តម្រង់ទិសការងារឆ្ពោះទៅមុខ ដើម្បីមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ឈរលើស្មារតីមូលដ្ឋានដូចគ្នា អនុវត្តការងារកាន់តែស្រុះគ្នា និងស៊ីសង្វាក់គ្នា។”

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា វិបស្សនានា ថ្ងៃនេះ ក៏ជាឱកាសពិភាក្សាគ្នាឱ្យអស់សេចក្តី ទាំងក្នុងទិដ្ឋភាពនយោបាយ បច្ចេកទេសផ្ទៃក្នុង ដើម្បីពិនិត្យមើលខ្លួនឯងឡើងវិញ អំពីចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈមនានា ដើម្បីត្រៀមខ្លួនឱ្យកាន់តែរឹងមាំ សម្រាប់បន្តអនុវត្តទិសដៅការងារបន្តទៀត។”

ទន្ទឹមនេះផងដែរ វេទិកាវិបស្សនានេះ ជាឱកាសមួយដើម្បីស្វែងរកធាតុចូលថ្មីៗបន្ថែមទៀត ដើម្បីរៀបចំផែនការកាងារនៃការកែទម្រង់រដ្ឋបាលសាធារណៈ រួមទាំងកិច្ចការជំរឿនមន្រ្តីរាជការឆ្ពោះទៅខាងមុខ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណា ឱ្យប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជា កាន់តែមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

សូមជម្រាបថា វិបស្សនាស្តីពី “ការអនុវត្តវិធានការគន្លឹះទាំង៣ក្នុងការកែទម្រង់រដ្ឋ បាលសាធារណៈរបស់រាជ រដ្ឋាភិបាលនីតិ កាលទី៧ និងការធ្វើជំរឿនមន្រ្តីរាជការ» រៀបចំប្រព្រឹត្តទៅរយៈពេល ១ថ្ងៃពេញ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ដោយមាន កិច្ចពិភាក្សាជា ៤ផ្នែកធំៗសំខាន់ៗរួមមាន ៖ ១) វិធានការគន្លឹះទី១៖ ការដាក់ឱ្យអនុ វត្តប្រព័ន្ធជ្រើសរើសមន្រ្តីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ ២) វិធានការគន្លឹះទី២៖ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធ ភាព និងស័ក្តិសិទ្ធភាព, ៣) វិធានការគន្លឹះទី៣៖ ការដាក់ឱ្យអនុវត្តប្រព័ន្ធលើក ទឹកចិត្តគាំទ្រសមិទ្ធកម្មប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព, និង ៤) ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធនៃក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ គ្រឹះស្ថានសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន៕

អត្ថបទ៖ វង សុភ័ក្ត្រ