ភ្នំបូកគោ ជាគោលដៅទេសចរណ៍ធម្មជាតិ និងទេសចរណ៍ជំនឿ

រមណីយដ្ឋានភ្នំបូកគោ ជាគោលដៅទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្រ្តមួយ ដែលមានអាកាសធាតុត្រជាក់ ខ្យល់បរិសុទ្ធ និងបរិយាកាសស្រស់ស្រាយ ជាមួយនឹងតំបន់ទេសចរណ៍ជាច្រើនដូចជា តំបន់ទេសចរណ៍វប្បធម៌ ធម្មជាតិ និងតំបន់ទេសចរណ៍ជំនឿរបស់ជនជាតិខ្មែរកាត់សែស្រឡាយចិន។
តាមរយៈជំនឿលើតំបន់ទេសចរណ៍មួយនេះ ពិធីហែអ្នកតា បានប្រារព្ធធ្វើនៅវិមានអ្នកតាភ្នំ លើភ្នំបូកគោ ជាទំនៀមទម្លាប់ និងជំនឿដែលមានតាំងពីបុរាណកាលមកម្ល៉េះ ដោយកំណត់ធ្វើឡើងក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ១៥ ថ្ងៃ។
បើយោងតាមតំណាងអ្នករៀបចំកម្មវិធី បានឲ្យដឹងថា ពិធីហែអ្នកតានេះ ត្រូវបានប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ បន្ទាប់ពីបុណ្យចូលឆ្នាំចិន ដើម្បីសម្គាល់ការបញ្ចប់នៃបុណ្យចូលឆ្នាំចិន។ រយៈពេលនៃការហែអ្នកតា មាន២ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០។ គេមានជំនឿថា ពិធីនេះរៀបចំឡើង ដើម្បីបណ្តេញនូវឧបទ្រព្យចង្រៃ និងសំណាងអាក្រក់ ដោយនាំមកវិញនូវសំណាងល្អ និងជោគជតារាសីនៅក្នុងឱកាសឆ្នាំថ្មី។
ក្នុងឆ្នាំ ២០២០នេះ កម្មវិធីហែអ្នកតា បានប្រារព្ធឡើងលើភ្នំបូកគោរួមមាន ពិធីរំដោះគ្រោះ និងពិធីសុំយ័នសុខសប្បាយ។ ពិធីរំដោះគ្រោះ រៀបចំធ្វើនៅថ្ងៃទី៥ ខែកុម្ភៈ ក្នុងគោលបំណងបណ្តេញនូវសំណាងអាក្រក់ និងបួងសួងសុំសេចក្តីសុខសប្បាយ និងលើកជោគជតារាសីនាឆ្នាំថ្មី។ ចំណែកឯពិធីសុំយ័ន្ត សុខសប្បាយ ប្រារព្ធធ្វើនៅថ្ងៃទី ៦ ខែកុម្ភៈ ដោយចែកយ័ន្តសុខសប្បាយ ជូនដល់អ្នកចូលរួម ដើម្បីរក្សាទុកជាវត្ថុសម្រាប់ការពារខ្លួន និងផ្ទះ ពីគ្រោះចង្រៃ និងការយាយីរំខានផ្សេងៗ។
គួររំលឹកថា គោលដៅទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្រ្តនៃរមណីយដ្ឋានភ្នំបូកគោ ជនជាតិខ្មែរ តែងទៅទស្សនាកម្សាន្តជារៀងរាល់ពេល ដែលនៅតំបន់ទេសចរណ៍ជំនឿមួយនេះ មានដូចជា រូបសំណាកលោកយាយម៉ៅ ទឹកជ្រោះពពកវិល វត្តសំពៅប្រាំ ព្រះវិហ៌ា កាតូលិក វាលស្រែ១០០ និង ៥០០ សួនបន្លែធម្មជាតិ កសិដ្ឋានចិញ្ចឹមសត្វ រោងចក្រផលិតទឹកសុទ្ឋជាដើម។
