ព័ត៌មានជាតិ

រដ្ឋមន្ត្រីកិច្ចការនារី ស្វាគមន៍ចំពោះ កម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ របស់ស្ថាប័ន Common Purpose Asia Pacific ដែលចង់បណ្តុះបណ្តាល ដល់ប្រជាជនកម្ពុជា

image

  ភ្នំពេញ ៖ លោកជំទាវ វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នាព្រឹកថ្ងៃទី៦ ខែកុម្ភៈនេះ បានទទួលជួបជាមួយ លោកស្រី ស្វាទី ម៉ាទ័រ (Swati Mathur) ប្រធានការិយាល័យប្រតិបត្តិ ស្ថានប័ន Common Purpose Asia Pacific នៅទីស្តីការក្រសួង។ ស្ថាប័ននេះ ​ជាស្ថាប័នបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំ ដល់អ្នកដឹកនាំ មកពីគ្រប់បណ្ដាប្រទេសទាំងអស់ នៅទូទាំងពិភពលោក។ 

  លោកស្រី ម៉ាទ័រ នៅក្នុងជំនួប​នេះ បានណែនាំដល់ក្រសួងកិច្ចការនារី ពាក់ព័ន្ធទៅនឹងកម្មវិធីភាពជាអ្នកដឹកនាំ នូវគម្រោងចំនួនពីរ ដែលចង់បណ្តុះបណ្តាលដល់ប្រជាជនកម្ពុជា ទី១.គម្រោងភាពជាអ្នកដឹកនាំពិភពលោក (Global Leader​​​ Program) និងទី២.​គម្រោងភាពជាអ្នកដឹកនាំ សម្រាប់អាស៊ាន។ ​

  លោកជំទាវរដ្ឋមន្ត្រី បាន​ស្វាគមន៍ចំពោះការណែនាំ និងទទួលយកគម្រោងនេះ។ លោកជំទាវ លើកឡើងថា ​ក្រសួងកិច្ចការនារី និងរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការកសាងធនធាន​មនុស្ស ​គឺជាវិស័យអតិភាព ដូចនេះ ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនេះ គឺជាតម្រូវការចាំបាច់ សម្រាប់ប្រទេសកម្ពុជា ដែលកំពុងមានការអភិវឌ្ឍ។

  លោកជំទាវ បានទទួលយកនូវការណែនាំអំពីគម្រោង ហើយបានចាត់ឲ្យមន្ត្រីពាក់ព័ន្ធ ធ្វើការពិភាក្សាគ្នាបន្ថែមទៀត ដើម្បីឲ្យគម្រោងនេះ ដំណើរការបានល្អ និងទទួលបានលទ្ធផលផ្លែផ្កា។ កម្មវិធីភាពជាអ្នកដឹកនាំនេះ ​នឹងផ្តល់​នូវបទពិសោធន៍ ភាពជាអ្នកដឹកនាំ នៅលើពិភពលោក ពីសំណាក់បណ្ដាញអ្នកដឹកនាំផ្សេងៗ ​អំពីគំនិតក្នុងការដឹកនាំ ក៏ដូចជាការធ្វើការងារផ្សេងៗ។

  សូមជម្រាបថា ស្ថាប័ន Common Purpose Asia Pacific ​ជាស្ថាប័នបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនេះ បច្ចុប្បន្ន មានមូលដ្ឋានចំនួន១០ នៅទូទាំងពិភពលោក ក្នុងនោះមាននៅអាល្លឺម៉ង់, ហុងកុង, ឥណ្ឌា, អៀរឡង់, ហុងគ្រី, សិង្ហបុរី, អាហ្វ្រិកខាងត្បូង, តួកគី, អង់គ្លេស និងសហរដ្ឋអាមេរិក៕អត្ថបទ ៖ សន ពិសិដ្ឋ