សង្គម

ក្រុមការងារអន្តរក្រសួងដំណើរការចុះពិនិត្យទីតាំង និងបោះបង្គោលព្រំដីព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ក្នុងភូមិសាស្ត្រខេត្តតាកែវ បានដំណើរការដោយរលូនតាមការគ្រោងទុក

image


ភ្នំពេញ៖ មកទល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រុមការងារអន្តរក្រសួង បានដំណើរការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីព្រែកជីកហ្វូណនតេជោ បានដំណើរការដោយរលូនតាមការគ្រោងទុក ទោះក្រុមការងារអន្តរក្រសួងប្រឈមបញ្ហាខ្លះក្តី។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារ ណការនិងដឹកញ្ជូន។

អ្នកនាំពាក្យរូបនេះបានបន្តឲ្យដឹងថា បេសកកម្មចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តតាកែវ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេសអន្តរក្រសួង សម្រេចបាន ៤៧ចំណុច ក្នុងភូមិសាស្រ្តខេត្តតាកែវ។ បញ្ហាប្រឈមនោះរួមមាន ផ្លូវឆ្ងាយពិបាកធ្វើដំណើរចូលដោយត្រូវឆ្លងកាត់វាលស្រែ, ចុះបឹង, កាត់ប្រឡាយ, កាត់ព្រៃក្រាស់, កាត់បន្លារ, ភ្លៀងផ្គរ និងស្ថានភាពរអិលខ្លាំងជាដើម។

ដោយឡែក គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេស បានចុះពិនិត្យទីតាំងប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីកហ្វូណនតេជោបញ្ចប់ការងារសម្រាប់កំណាត់ទី២ ក្នុងភូមិសាស្ត្រខេត្តកណ្តាលទាំងស្រុងហើយ។

កិច្ចការខាងលើនេះ បានចាប់ផ្តើមនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ដោយបន្តពីកំណាត់ទី១ ពីភូមិសាស្ត្រព្រែកពោធិ៍ ស្របតាមបណ្តោយទន្លេបាសាក់ ឆ្ពោះទៅព្រែកតាហ៊ីង។ រីឯចំនួនបង្គោលដែលបានពិនិត្យ និងបោះរួចរាល់ក្នុងខេត្តកណ្តាលទាំងស្រុងសម្រាប់កំណាត់ទី២ ចំនួន ២៣២បង្គោល។

បើគ្មានការប្រែប្រួលទេ គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងចាប់ផ្ដើមសាងសង់ជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។ ដោយឡែក សម្រាប់ចំនួនគ្រឿងចក្រដែលត្រូវធ្វើការប្រើប្រាស់ក្នុងការសាងសង់ អាស្រ័យលើពេលវេលា ស្ថានភាព និងទីតាំងដែលជ្រើសរើសសម្រាប់បើកការសាងសង់ជាផ្លូវការ។ ជារួមក្រុមហ៊ុនសាងសង់ បានត្រៀមគ្រឿងចក្ររួចរាល់រង់ចាំតែការអនុវត្តនីតិវិធីចាំបាច់ (ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ) ទើបការសាងសង់ចាប់ផ្តើមបាន។

គម្រោងព្រែកជីកប្រវត្តិសាស្រ្តនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៥ សីហា ឆ្នាំ២០២៤ ដែលគ្រោងចំណាយទុនវិនិយោគ ១.៧០០លានដុល្លារអាម៉េរិក និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ ពោលគ្រោងបញ្ចប់នៅឆ្នាំ២០២៨៕

អត្ថបទ៖ ចេង ឆហួត