ផ្លូវកៅស៊ូនិងបេតុងជាច្រើនគីឡូម៉ែត្រ ក្នុងខេត្តមណ្ឌលគិរី នឹងត្រូវស្ថាបនាជូនដល់ប្រជាពលរដ្ឋ នៅតាមតំបន់ឆ្ងាយៗពីទីប្រជុំជន ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកកសិកផលនានារបស់ប្រជាកសិករ
មណ្ឌលគិរី៖ ផ្លូវកៅស៊ូនិងបេតុងជាច្រើនគីឡូម៉ែត្រ និងត្រូវស្ថាបនាជូនដល់ប្រជាពលរដ្ឋ ដើម្បីសម្រួលការធ្វើដំណើរពីប្រជុំជនខេត្តមណ្ឌលគិរីទៅតាមបណ្តាលភូមិឃុំនានា ដែលតែងជួបប្រទះការលំបាកអស់ជាច្រើនឆ្នាំ ជាពិសេសគឺការដឹកជញ្ជួនកសិផលរបស់ប្រជាកសិករ។
លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា សម្រាប់គម្រោងឆ្នាំ២០២៥-២០២៦ មន្ទីរបានរៀបចំសំណើរថវិការួចរាល់ជាស្រេច ដើម្បីស្ថាបនាផ្លូវកៅស៊ូជូនប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋានឃុំសង្កាត់ឆ្ងាយៗពីប្រជុំជន ហើយផ្លូវទៅកាន់ភូមិឋានរបស់ពួកគាត់មានការលំបាកធ្វើដំណើរ។
លោកប្រធានមន្ទីរបន្តថា សម្រាប់គម្រោងដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ទើបទទួលបានការអនុញ្ញាតធ្វើការសាងសង់ជាផ្លូវកៅស៊ូ ជូនអ្នកភូមិមាននេះជាង៥០គីឡូម៉ែត្រ បែងចែកទៅបីក្រុងស្រុក រួមមាន ផ្លូវពីក្រុងសែនមនោរម្យ ឆ្ពោះទៅឃុំមេម៉ង់និងឃុំចុងផ្លាស់ ស្រុកកែវសីមា សង់ដំណាក់កាលទីមួយ២០គីឡូម៉ែត្រ(ពីភូមិពូត្រុំទៅត្រឹមភូមិស្រែអ៊ី) ។ចំណែកស្រុកកែវសីមា ភ្ជាប់ពីផ្លូវជាតិលេខ៧៦ឆ្ពោះទៅឃុំស្រែព្រះប្រវែង ៨.៧០០ម៉ែត្រ ជាផ្លូវកៅស៊ូនិងផ្លូវបេតុងលាយចូលគ្នា។ ដោយឡែកនៅស្រុកកោះញែក ឃុំស្រែសង្គម ភ្ជាប់ពីផ្លូវជាតិលេខ៧៦ទៅដល់ភូមិកែរពៅ ក៏ទទួលបានផ្លូវកៅស៊ូថ្មីជាង២០គីឡូម៉ែត្រផងដែរ។
ជាមួយគ្នានេះសម្រាប់គម្រោងផ្លូវខេត្តមណ្ឌលគិរី ដែលលោកប្រធានមន្ទីរប្រឹងប្រែងតស៊ូកន្លងមកនិងបន្សល់ទុកឲ្យខេត្តនិងអ្នកបន្តវេន មានគម្រោងកូរ៉េ សម្រាប់អនុវត្តចុងឆ្នាំ២០២៥ដើមឆ្នាំ២០២៦។គម្រោងមួយទៀត ជាគម្រោងពិពិធកម្ម មាន២គម្រោងថែមទៀត គម្រោងទី១ ពីឃុំស្រែអំពូម ទៅឃុំក្រងតេះប្រវែង១០គ.ម. កៅស៊ូ ៦.៥០០ម. ក្នុងនោះមានបេតុង ២.៥០០ម.។គម្រោងទី២ ផ្លូវបេតុងប្រវែង ២ ៧០០ម៉ែត្រ នៅឃុំពូជ្រៃ ពីផ្លូវជាតិ៧៦ វត្តអូរឆែល ដល់ក្រុមហ៊ុនDTC ។
ជាមួយគ្នានេះ លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានសំនូមពរដល់បងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវទាំងអស់ នៅពេលទទួលបវានសមិទ្ធផលថ្មី សូមជួយថែរក្សាការពារ មិនត្រូវដឹកលើកទម្ងន់កំណត់ កាប់កាយគាស់ បង្កឲ្យផ្លូវមានការខូចខាត ដែលនាំឲ្យខាតបង់ថវិកាជាតិ និងដើម្បីប្រើប្រាស់បានយូរអង្វែង៕
អត្ថបទ៖ ប៊ុត សុភ័ក្រ