សង្គម

បុរសម្នាក់​ បង្ហាញរូបអាសអាភាសជាមួយដៃគូ​ និងគំរាមបង្ហោះនៅលើបណ្តាញសង្គម​ ក្រោយខឹងម្តាយខាងស្រីហាមទាក់ទងកូនស្រី

image


កណ្តាល៖ បុរសម្នាក់ ត្រូវបានម្តាយខាងស្រីប្តឹងសមត្ថកិច្ចឲ្យចាប់ឃាត់ខ្លួន ករណីចែកចាយរូបភាពអាសអាភាសមានស្ថានទម្ងន់ទោស​ ទាក់ទងនឹងអាយុជនរងគ្រោះ ក្រោយខឹងនឹងម្តាយខាងស្រីហាមទាក់ទងគ្នាបែរជាឆាតទៅគំរាមម្តាយខាងស្រីបង្ហោះរូបភាពដែលខ្លួនរួមរ័ក្សជាមួយកូនស្រីលើបណ្តាញសង្គឱ្យខ្មាស់គេ​ កាលពីវេលាម៉ោង ៨:៥០នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការដ្ឋាននគរបាលក្រុងតាខ្មៅ​ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រ.ទ.ណ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ចំណែកជនសង្ស័យមានឈ្មោះ មៀន ឆែមសុឃាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងទូរស័ព្ទដៃចំនួន១គ្រឿង។​
ក្នុងករណីនេះ​ មុនពេលកើតហេតុចាប់តាំងពីឆ្នាំ២០២២មក ជនសង្ស័យ​ និងជនរងគ្រោះត្រូវជាសង្សានឹងគ្នា​ ហើយធ្លាប់បានរួមភេទជាមួយគ្នាជាញឹកញ៉ាប់ នៅផ្ទះសំណាក់ ដោយនៅពេលដេករួមភេទម្តងៗ ជនសង្ស័យតែងតែលួចថតវីដេអូឃ្លីបទុកមើលទៀតផង លុះក្រោយមករឿងនេះក៏បានដឹងដល់ម្តាយជនរងគ្រោះ គាត់បានហាមអ្នកទាំង២ មិនឲ្យជួបគ្នានោះទេ។ លុះមកដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៨:៥០នាទីយប់ ជនសង្ស័យក៏បានបាញ់រូបភាពវីដេអូឃ្លីបដែលធ្លាប់រួមភេទកន្លងមក តាមតេឡេក្រាមចូលទៅក្នុងទូរស័ព្ទរបស់ម្តាយជនរងគ្រោះ ហើយបាននិយាយគម្រាមទៅម្តាយជនរងគ្រោះថា «បើសិនជាម្តាយជនរងគ្រោះបំបែកបំបាក់ជនរងគ្រោះមិនឲ្យជួបនឹងជនសង្ស័យ នោះទេជនសង្ស័យនឹងបង្ហោះវីដេអូឃ្លីបដែលធ្លាប់រួមភេទជាមួយជនរងគ្រោះចូលក្នុងបណ្តាញសង្គមfeacebook ឲ្យផ្អើលខ្មាសគេម្តង»។

ដោយទ្រាំទ្រនឹងទង្វើរបស់ជនសង្ស័យមិនបាន ម្តាយខាងស្រីក៏បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីឲ្យសមត្ថកិច្ចចុះឃាត់ខ្លួនសង្ស័យ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ​ បានបញ្ជាក់ថា គាត់ពិតជាបានរួមភេទជាមួយជនរងគ្រោះហើយយកទូរស័ព្ទលួចថតវីដេអូឃ្លីបទុកមើល​ និងបានផ្ញើរវីដេអូនោះតាមតេឡេក្រាមទៅម្តាយជនរងគ្រោះ ហើយបាននិយាយគំរាមទៅម្តាយជនរងគ្រោះដូចរៀបរាប់ខាងលើប្រាកដមែន។
បច្ចុប្បន្ន​ ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ កំពុងកសាងសំណុំបញ្ចូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ​៖​ ឌីយ៉ាម៉ង់​