ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ ចុះពិនិត្យមើលប្រព័ន្ធលូ ប្រឡាយក្នុងមូលដ្ឋានខណ្ឌចំនួន៥ ដើម្បីរកមធ្យោយបញ្ចៀសការជនលិចដោយជំនន់ទឹកភ្លៀងនារដូវវស្សា

image


ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ពេញមួយព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំ អាជ្ញាធរមូលដ្ឋានខណ្ឌ និងមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ និងមន្ត្រីជំនាញនៃមន្ទីរជំនាញ ចុះពិនិត្យមើលលូ ប្រឡាយក្នុងមូលដ្ឋានខណ្ឌចំនួន ៥ មានខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល ខណ្ឌមានជ័យ និងខណ្ឌដង្កោ ក្នុងជាយរាជធានីភ្នំពេញ ដើម្បីរកមធ្យោយក្នុងការបញ្ជៀសការជនលិចដោយជំនន់ទឹកភ្លៀង នារដូវវស្សា។

លោក ឃួង ស្រេង បានចុះពិនិត្យមើលប្រឡាយអបផ្លូវរទេះភ្លើងផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រសង្កាត់ចោមចៅទី៣ ពិនិត្យមើលប្រឡាយអូលែ ក្នុងវិទ្យាល័យជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ ប្រឡាយទួលពង្រ និងពិនិត្យមើលការជីកស្តារប្រឡាយភូមិម័លនៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ និងខណ្ឌមានជ័យ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងការចុះពិនិត្យមើលលូ ប្រឡាយនោះ លោក ឃួង ស្រេង អភិបាលរាជធានី បានជំរុញឱ្យអាជ្ញាធរខណ្ឌ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាយប្រឡាយអូលែ ក្នុងវិទ្យាល័យជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ ជាមួយនឹងការដាក់លូប្រអប់ទំហំ ៦ម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៤ទៅផ្លូវជាតិលេខ៣ ឱ្យបន្តហូទៅប្រឡាយទួលពង្រ ដើម្បីពន្លឿនទឹកឱ្យហូបានលឿនពីផ្លូវជាតិលេខ៤។ ទន្ទឹមនេះ រកវិធីរំដោះទឹកពីផ្លូវជាតិលេខ៣ ភ្ជាប់ទៅប្រឡាយទួលពង្រ ផងដែរ។

បន្ថែមពីនេះទៀត លោក ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌពាក់ព័ន្ធ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជីកស្តារប្រឡាយភូមិម័លនៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ និងខណ្ឌមានជ័យ ដែលស្ថិតក្នុងគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹករបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រសើរឡើងនូវការជន់លិចនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយជីកឱ្យបានជ្រៅពី៥ ទៅ៦ម៉ែត្រ ក្នុងប្រវែងប្រឡាយជិត ៣គីឡូម៉ែត្រ៕