សង្គម

អ្នកលក់ផ្លែទុរេនខេត្តកំពត គាំទ្រចំពោះការហាមឃាត់ការនាំចូលផ្លែទុរេនពីប្រទេសជិតខាង

image


កំពត៖ កន្លងទៅថ្មីៗនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីណែនាំស្តីពី ការហាមឃាត់ការនាំចូលផ្លែទុរេនស្រស់ពីប្រទេសជិតខាង ក្រោយពេលពិនិត្យឃើញមានផ្ទុកសារធាតុគីមីប៉ះពាល់ដល់សុខភាព (Bacsic Yallow2)។ ក្រោយទទួលបានសេចក្តីណែនាំរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អាជ្ញាធរខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ បានយកចិត្តទុកដាក់យ៉ាងខ្លាំងដោយមិនអនុញ្ញាឱ្យមានការនាំចូលទុរេនខុសច្បាប់នោះឡើយ។

ជុំវិញវិធានការនេះ ក្រុមអាជីវករលក់ដូរផ្លែទុរេនខេត្តកំពត បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ក្នុងនោះ ក្រុមអាជីវករលក់ទុរេននៅម្តុំគល់ស្ពាន់ថ្មី នៃក្រុងកំពត និងអាជីវករលក់ទុរេននៅតាមផ្លូវឆ្ពោះទៅរមណីយដ្ឋានទឹកឈូ បានលើកឡើងថា ក្នុងនាមជាអ្នកលក់ដូរទុរេនកំពត រាប់សិបឆ្នាំមកហើយ ពេញចិត្តចំពោះការហាមឃាត់ ឬធ្វើការរិតបន្តឹងការនាំចូលទុរេនពីប្រទេសជិតខាង ព្រោះពួកគាត់ចង់ឱ្យទេសចរមកពីតាមបណ្តាខេត្ត និងភ្ញៀវទេសចរអន្តរជាតិដែលមកលេងខេត្តកំពត បានទទួលទានទុរេនធម្មជាតិរបស់ខេត្តកំពតពិតៗ ដែលមានឱជារសឈ្ងុយឆ្ងាញ់ មិនប៉ះពាល់ដល់សុខភាព។ ទន្ទឹមនេះកេរ្តិ៍ឈ្មោះទុរេនកំពត នឹងកាន់តែផ្សព្វផ្សាយឱ្យបានល្បីរន្ទឺកាន់តែខ្លាំង ហើយតម្លៃទីផ្សារក៏បានខ្ពស់សមរម្យ ខណៈដែលបច្ចុប្បន្នទុរេនកំពតលក់ក្នុងតម្លៃចន្លោះពី ១៨ ០០០រៀល ទៅជិត ៣ម៉ឺនរៀលក្នុងមួយគីឡូទៅតាមប្រភេទទុរេន។

កន្លងមក លោក ម៉ៅ ធនិន អភិបាលខេត្តកំពត តែងតែណែនាំក្រុមអាជីវករ និងអ្នកផ្តល់សេវាទេសចរណ៍នៅក្នុងខេត្ត ត្រូវរក្សាឱ្យបាននូវតម្លៃ និងសេចក្តីថ្លៃថ្នូរ ក្នុងនាមជាអ្នកលក់ ឬអ្នកផ្តល់សេវាម្នាក់នៅលើទឹកដីខេត្តកំពត ពិសេសបញ្ហាតម្លៃ។ ចំពោះក្រុមអាជីវករលក់ទុរេន ត្រូវរក្សាភាពស្មោះត្រង់ បើអាចកុំលក់ទុរេនប្រទេសជិតខាងតែម្តង តែបើជាតម្រូវការទីផ្សារ ត្រូវបិទស្លាក ឬប្រាប់អតិថិជនតាមត្រង់ ថាទុរេនយកមកពីណា គ្មានការលក់ក្លែងបន្លំភ្ញៀវនោះទេ។

ទន្ទឹមគ្នានោះដែរ អាជ្ញាធរក្រុង និងស្រុកទឹកឈូ ក៏តែងតែចុះទៅណែនាំ និងពិនិត្យដល់តូបលក់ដូររបស់អាជីវករផងដែរ ដើម្បីធានាថា គ្មានការលក់ក្លែងបន្លំធុរេនប្រទេសជិតខាង ថាជាទុរេនកំពត៕

អត្ថបទ៖ វង្ស សុធារម្យ