រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ៥ នៅថ្ងៃទី១៥ ខែឧសភា ក្នុងអំឡុងពេលប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល
កំពង់ឆ្នាំង៖ លោក ស៊ុន សុណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ឆ្នាំង បានត្រៀមរៀបចំរួចរាល់ហើយ សម្រាប់ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ ជាបណ្ដោះអាសន្ននៅលើកំណាត់ផ្លូវជាតិលេខ៥ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង០២ និង០០នាទីព្រឹក រហូតដល់ម៉ោង ១២ថ្ងៃត្រង់។
នៅក្នុងសេចក្តីជូនដំណឹង រដ្ឋបាលខេត្តកំពង់ឆ្នាំង បញ្ជាក់ថា ដើម្បីឲ្យដំណើរការព្រះរាជពិធីច្រត់ព្រះនង្គ័ល ប្រព្រឹត្តទៅប្រកបដោយភាពស័ក្តិសម និងមានសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ ក្នុងនោះ ដោយត្រូវបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ ចាប់ពីចំណុចរង្វង់មូលឆ្នាំង ដល់ចំណុចរង្វង់មូលនារីស្មូនឆ្នាំង និងបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវលេខ៥៣ ចាប់ពីចំណុចផ្លូវវាងក្រុង ចូលមកក្នុងក្រុងកំពង់ឆ្នាំង។ ដោយឡែកចំពោះចរាចរណ៍តាមបណ្ដោយផ្លូវវាងក្រុង នៅធ្វើដំណើរជាធម្មតា។
លោកអភិបាលខេត្ត ក៏សូមការយោគយល់អធ្យាស្រ័យ ចំពោះប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលមានបំណងធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៥ និងតាមតម្រាយផ្លូវខាងលើនេះ ។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័ល ជាព្រឹត្តិការណ៍បុណ្យជាតិ ចាត់ទុកថាជាការបង្ហាញដល់ទេសចរជាតិ និងអន្តរជាតិ បានឈ្វេងយល់កាន់តែច្បាស់អំពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ ដែលមានតាំងពីបុរាណកាលមក។ ម្យ៉ាងទៀតព្រឹត្តិការណ៍នេះ ជាពិធីប្រព្រឹត្តឡើងជាមង្គល ឧទ្ទិសដល់ការចាប់ផ្តើមរដូវធ្វើស្រែចម្ការរបស់ប្រជាកសិករ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធឲ្យបង្អុរទឹកភ្លៀងបរិបូរណ៍តាមរដូវកាល និងបម្រើឲ្យវិស័យកសិកម្មគ្រប់ប្រភេទទទួលបានភោគផលខ្ពស់៕
អត្ថបទ៖ ហឹង ចូច