ផ្លូវក្រាលកៅស៊ូពីរជាន់ DBST ជិត ១០គីឡូម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានបើកការដ្ឋានសាងសង់ហើយ

បន្ទាយមានជ័យ៖ ផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ៣ខ្សែ ប្រវែងសរុប ៩.៩៦៨ម៉ែត្រ ទទឹង ៧ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផ្តល់ជូនដល់ប្រជាពលរដ្ឋស្ថិតនៅភូមិអូរអំពិល, ភូមិទួលប្រាសាទ និងភូមិបឹងជង្រុកតេជោ ឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី ១២ខែឧសភា ឆ្នាំ២០២៥។
លោក ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញ បើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន៣ខ្សែ ប្រវែងសរុប ៩៩៦៨ម៉ែត្រ ទទឹង៧ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃ កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិអូរអំពិល ភូមិទួលប្រាសាទ ភូមិបឹងជង្រុកតេជោ ឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ពិធីបើកការដ្ឋាននេះ មានការអញ្ជើញចូលរួមពីលោក លោក ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ, លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ សុខ ចាន់ឡា តំណាងកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប រួមនឹងមានការចូលរួមពីសំណាក់មន្ត្រីរាជការ អាជ្ញាធរ កងកម្លាំង គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើននាក់ផងដែរ។
លោក ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ក្រោមម្លប់សន្តិភាព ប្រទេសកម្ពុជាយើងមានភាពរីកចម្រើនជាបណ្តើរៗ លើគ្រប់វិស័យ ដែលបាននាំមកនូវកិត្តិយស និងសិទ្ធិស្មើភាព ជាមួយប្រទេសនានានៅក្នុងតំបន់ និងនៅលើពិភពលោកដែលជាកិត្តិយសសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល។ មានសន្តិភាពទើប អាចអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ដូចយើងបានឃើញហើយនៅ ក្នុងពិភពលោកនេះប្រទេសដែលមានភាពរីកចម្រើនជឿនលឿន គឺជាប្រទេសគ្មានសង្គ្រាម មានសន្តិភាពយូរអង្វែង។
លោក បានថ្លែងថា រាជរដ្ឋាភិបាលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន និងកំពុងបន្តខិតខំអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត ដោយបានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” ដែលបានកំណត់ អាទិភាពគន្លឹះ៥។ ដោយឡែកពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍជនបទត្រង់មុំទី៣ នៃបញ្ចកោណទី៤ បានបញ្ជាក់ច្បាស់អំពីការលើកស្ទួយ និងលើកកម្ពស់ការអភិវឌ្ឍជនបទតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជាពិសេសការ កសាងផ្លូវជនបទតភ្ជាប់ទៅកសិដ្ឋាន ផ្លូវខេត្ត និងផ្លូវជាតិ ឱ្យក្លាយទៅជាជនបទសមាហរណកម្ម ការកែលម្អលក្ខខណ្ឌជីវភាពរបស់សហគមន៍ ជនបទការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍសហគមន៍ជនបទ។
លោកបានបន្តថា ផ្លូវចំនួន ០៣ខ្សែនេះ នឹងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ចំណេញពេលវេលា កាត់បន្ថយការចំណាយលើការដឹកជញ្ជូនសម្ភារៈ ឬផលិតផលផ្សេងៗទៅកាន់ទីផ្សារ និងងាយស្រួលក្នុងការទទួលបាននូវសេវាសាធារណៈដូចជាទៅផ្សារ សាលារៀន មន្ទីរពេទ្យ...។
ផ្លូវក្រាលកៅស៊ូដែលត្រូវបើកការដ្ឋាន មានកម្រាស់ពីរជាន់ DBST ចំនួន ៣ខ្សែ ប្រវែងសរុប ៩.៩៦៨ម៉ែត្រ ទទឹង ៧ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និងសាងសង់លូគ្រប់ប្រភេទចំនួន ១២កន្លែង ស្លាកសញ្ញាចរាចរណ៍ចំនួន៦២ស្លាក គំនូសចរាចរណ៍ចំនួន ៣.៤៩០ម៉ែត្រការ៉េ និងផ្លាកឈ្មោះផ្លូវចំនួន ៦កន្លែង។
សូមរំលឹកថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធី “សម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ” សម្តេចក៏បានផ្តល់ជូនផ្លូវក្រាលកៅស៊ូប្រវែងជិត ១០គីឡូម៉ែត្រ ជូនប្រជាពលរដ្ឋ រួមនឹងបន្ថែមតាមសំណើ ដោយសម្រេចកសាងបន្ថែមនូវអគារសិក្សាចំនួន ១ខ្នងបន្ថែមទៀតផងដែរ៕
អត្ថបទ៖ ជា ថន


















