គិតត្រឹមដើមខែឧសភានេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ សម្រេចបានជាង ៣៣%
ភ្នំពេញ៖ គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានប្រមាណ ៣៣,៥០% ហើយ។
គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។
បច្ចុប្បន្នការងារសាងសង់ស្ពានផ្នែកខាងកើត សម្រេចបានផ្នែកគ្រឹះស្ពានសម្រេចបានប្រមាណ ៥៥% ក្នុងនោះបានចាក់បេតុងសសរគ្រឹះចំនួន ១០៧ដើម ក្នុងចំណោម ១៥៦ដើម សាងសង់ជើងតាងបាន ៦ជើងតាង ក្នុងចំណោម ២០ជើងតាង និងធ្នឹមភ្ជាប់ក្រោមបានចំនួន ៨ធ្នឹម ក្នុងចំណោម ១២ធ្នឹម។
ជាមួយគ្នានោះដែរ រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៣១,៥% រួមមានសាងសង់តួសរសរស្ពានបាន ៦តួសរសរ ក្នុងចំណោម ១២តួសរសរ, សាងសង់សរសេរស្ពានបាន ១៦សរសរស្ពាន ក្នុងចំណោម ៥២សរសេរស្ពាន និងសាងសង់ធ្នឹមភ្ជាប់ក្បាលសរសរទទឹងស្ពានបាន ១០ធ្នឹម ក្នុងចំណោម ៣៤ធ្នឹម ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។
សូមបញ្ជាក់ថា រយៈពេលសាងសង់គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្រេចបាន ១៣ខែហើយ ស្មើនឹង ៣១% នៃផែនការសាងសង់ ៤២ខែ ដោយមិនមានការយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ៕
អត្ថបទ៖ ចេង ឆហួត
អត្ថបទ៖ចេង ឆហួត