ផ្លូវក្រាលកៅស៊ូប្រវែងជិត ២០គីឡូម៉ែត្រ នៅស្រុកព្រះស្តេច ខេត្តព្រៃវែង ត្រូវបានបើកការដ្ឋានស្ថាបនា
ព្រៃវែង៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ប្រវែង ១៨ ៣៤០ម៉ែត្រ នៅភូមិព្រីង ឃុំក្រាងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ ផ្លូវនេះ មានទីតាំងចាប់ពីផ្លូវជាតិលេខ១ (ត្រង់គីឡូម៉ែត្រលេខ៨៣+៣០០) ក្នុងឃុំក្រាំងស្វាយ កាត់ឃុំសេនារាជឧត្តម ដល់ឃុំបន្ទាយចក្រី នៃស្រុកព្រះសម្តេច ដោយត្រូវចំណាយពេលវេលាស្ថាបនាពី ៦ខែ ទៅ ៨ខែ ទើបរួចរាល់។
ការបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូប្រភេទ DBST ជាតឹកតាំងថ្មីបន្ថែមទៀត ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការបន្តលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ស្របតាមការអភិវឌ្ឍរីកចម្រើន នៃសេដ្ឋកិច្ចជាតិ ជាពិសេសឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ខណៈដែលកម្ពុជា បាន និងកំពុងធ្វើដំណើរយ៉ាងស្វាហាប់ឆ្ពោះទៅកាន់ចក្ខុវិស័យឆ្នាំ២០៥០ ពោលគឺ ក្លាយជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់៕
អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា