សង្គម

ប្រវត្តិខ្លះៗ​ នៃពិធី «បុណ្យវិសាខបូជា»​ ដែលជាពិធីដ៏ធំនៅក្នុងពុទ្ធសាសនា​ ដែលពលរដ្ឋកម្ពុជាប្រារព្ធឡើងជារៀងរាល់ឆ្នាំ

image


ភ្នំពេញ៖​ ពាក្យថា «វិសាខបូជា» មកពីពាក្យថា “វិសាខបុណ្ណមីបូជា” ប្រែថា ការបូជាក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ គឺខែ​ទី៦ ដោយរាប់ពី​ខែ​ មិគសិរ បុស្ស មាឃ ផល្គុន ចែត្រ ពិសាខ។


ពិធីបុណ្យវិសាខបូជា គឺជាបុណ្យធំមួយនៅក្នុងព្រះពុទ្ធសាសនា អាចរាប់ថា​ ជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សម្រាយរឭកដល់ព្រះពុទ្ធសមណគោត្ដម បរមគ្រូជាម្ចាស់ នាថ្ងៃពេញបូណ៌មី គឺថ្ងៃ ១៥កើត​ ខែពិសាខ ដែលពុទ្ធសាសនិកទាំងគ្រហស្ថ និងបព្វជិត តែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ។ ជារៀងរាល់ឆ្នាំ​ មហាជនប្រជាជន ចាស់ ក្មេង ប្រុស ស្រី នៅជុំគ្នាអ៊ូអូរ ដោយនាំទៅជាមួយនូវគ្រឿងសក្ការបូជា មានទៀន ធូប ផ្កា ភ្ញី និងប្រទីបជ្វាលា តូច​ ធំ អុចបំភ្លឺព្រោងព្រាត នៅគ្រប់វត្ដអារាម។


ការដែលត្រូវប្រារព្ធធ្វើថ្ងៃវិសាខបូជា​ ព្រោះថ្ងៃនេះជាថ្ងៃដែលកត់សម្គាល់ដល់ហេតុការណ៍អស្ចារ្យ ៣យ៉ាង កើតឡើងផ្ទួនគ្នាទាក់ទងនឹងខ្សែជីវិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ គឺមានន័យថា ថ្ងៃនេះ ពុទ្ធសាសនិកជននៅទូទាំងពិភពលោកនាំគ្នារំឭកនឹក​ដល់ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វាន​ របស់ព្រះបរមសាស្តា​ ដែលអ្នកប្រាជ្ញខាងពុទ្ធសាសនា បានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គលអភិលក្ខិតកាល គឺជាថ្ងៃមហាមង្គល ត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ៖
១-ព្រះអង្គទ្រង់ព្រះប្រសូតចាកពីព្រះឧទរព្រះមាតា​ នៅពេលដែលព្រះនាងសិរិមហាមាយាទេវី ដែលជាព្រះអគ្គមហេសីរបស់ព្រះគម្តែងផ្ទៃក្រោមសុទ្ធោទននៃរាជធានីកបិលពស្តុ​ដែនសក្កៈ ទ្រង់គភ៌ហៀបនឹងដល់ថ្ងៃប្រសូតិកម្ម ព្រះនាងទើបលាព្រះសា្វមីធ្វើដំណើរទៅកាន់មាតុនគរ គឺទេវទហៈ ដើម្បី​សម្រាលព្រះរាជឱរសតាមទំនៀមនិយមរបស់ព្រាហ្មណ៍ក្នុងសម័យនោះ លុះធ្វើដំណើរដល់ព្រំដែនឈ្មោះឧទ្យានលុម្ពិនីវ័ន (រម្មិណ្តេ) រវាងនគរកបិលពស្តុ និងទេវទហនគរ ទើបឈាងចូលទៅសម្រាកព្រះវរកាយក្រោមដើមសាលព្រឹក្ស។


នៅខណៈនោះ ព្រះ​នាង​ក៏សម្រាលព្រះរាជឱរសក្រោមដើមសាលព្រឹក្សនោះឯង ដែលត្រូវនឹងពេលព្រឹកថ្ងៃ សុក្រ តិថី ១៥ កើត ខែពិសាខ ឆ្នាំ ច មុន ពុទ្ធសករាជ ៨០ ឆ្នាំ លុះស្តាប់ឮដំណឹងថាព្រះមហេសីបានប្រសូតព្រះរាជឱរសដូច្នោះ ព្រះ កំពូលរាស្រ្តសុទ្ធោទនៈក៏ត្រាស់បញ្ជា​ឲ្យក្បួនដង្ហែ​វិល​ត្រឡប់​ចូលព្រះនគរវិញ កាលបើប្រសូត បានចំនួន ៥ ថ្ងៃគត់ ព្រះរាជឱរសអង្គនេះក៏ត្រូវបានសន្មតឱ្យព្រះនាមថា សិទ្ធត្ថៈ ប្រែថា អ្នកសម្រេចប្រយោជន៍ដល់សត្វលោកទាំងពួង។


២- ថ្ងៃព្រះអង្គត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ​៖ក្រោយពីព្រះអង្គចេញសាងព្រះបួសបានចំនួន ៦ ព្រះវស្សា ស្ថិតក្នុងព្រះជន្ម ៣៥ព្រះវស្សា ព្រះសមណសិទ្ធត្ថអង្គនោះ បានប្រព្រឹត្តនូវតបធម៌ ហើយប្រព្រឹត្តនូវទុក្ករកិរិយាមក ព្រះ អង្គបានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ ស្ថិតក្នុងថ្ងៃពុធ ពេញបូណ៌មី (១៥កើត) ខែវិសាខ ឆ្នាំរកា នៅក្នុងស្រុកឧរុវេលាប្រទេសសេនានិគម ក្បែរនឹងស្ទឹងនេរញ្ជរា វេលាព្រឹក ព្រាងទៀបភ្លឺ ក្នុងគម្រប់ព្រះជន្ម ៣៥ឆ្នាំ នៅឯពុទ្ធគយា។


៣- ជាថ្ងៃព្រះយាងចូលព្រះបរមបរិនិព្វាន៖​ ក្រោយអំពីព្រះអង្គត្រាស់ដឹង និងផ្សព្វផ្សាយព្រះធម៌អស់រយៈពេល ៤៥ ព្រះវស្សា រហូតដល់ព្រះជន្មបាន ៨០ព្រះវស្សា ហើយព្រះអង្គក៏ចូល​បរិនិព្វាននៅទ្រង់រំលត់ព្រះខន្ធចូលកាន់ព្រះបរមនិព្វានដោយអនុបាទិសេសនិព្វាន ក្នុងថ្ងៃអង្គារ ពេញបូណ៌មី (១៥ កើត) ខែវិសាខ ឆ្នាំ ម្សាញ់ វេលារាត្រីជិតភ្លឺ ក្នុងព្រះជន្មគម្រប់ ៨០ឆ្នាំគត់ នឹងមុនពុទ្ធសករាជ ១ថ្ងៃគត់ ព្រះអង្គបរិនិព្វានក្នុងសាលវ័នឧទ្យាន ចន្លោះដើមរាំងទាំងគូ ក្បែរនគរកុសិនារា។


ការដែលពោលថា​ ជាហេតុការណ៍ដ៏អស្ចារ្យ ពីព្រោះសម្ដេចព្រះបរមសាស្ដ្រាចារ្យរបស់យើង ព្រះអង្គប្រសូត ត្រាស់ដឹង និងបរិនិព្វាន នៅថ្ងៃ ១៥កើត ខែពិសាខ ដូចគ្នា ទោះបីជាថ្ងៃខាងសុរិយគតិ និងឆ្នាំខាងចន្ទគតិខុសគ្នាក៏ដោយ ក៏ចាត់ថា​ ជាហេតុការណ៍អស្ចារ្យបាន ព្រោះមនុស្សភាគច្រើន​កើត​ និងស្លាប់​ នៅតិថី​ និងខែខាងចន្ទគតិផ្សេងៗគ្នា ប៉ុន្តែព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាននៅតិថី និងខែខាងចន្ទគតិដូចគ្នា ចាត់ទុកថា​ ជាអច្ឆរិយបុគ្គលដែលគួរដល់ការចងចាំរបស់ពិភព​លោក​។ ​

ក៏ព្រោះហេតុនោះហើយបានជាអ្នកប្រាជ្ញចងក្រងជាគាថា​ ទុកដូច្នេះថា អាសាឡ្ហបុណ្ណមោក្កន្ដោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិឰុតោ​ មានសេចក្ដីថា​ ព្រះពុទ្ធយាងចុះកាន់គភ៌នៃព្រះវរមាតា ក្នុងថ្ងៃពេញបូណ៌មី ខែអាសាធ, ទ្រង់ប្រសូតក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ, បានត្រាស់ដឹងជាព្រះពុទ្ធក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ និងទ្រង់ចូលបរិនិព្វាន ក៏ថ្ងៃពេញបូណ៌មី ខែពិសាខ (ផ្សេងតែឆ្នាំ)។


ជាប្រពៃណីពិធីវិសាខបូជា គេតែងតែនាំគ្នាធ្វើនៅក្នុងវេលារាត្រី ពីព្រោះតម្រូវទៅតាមពាក្យថា “បុណ្ណមី” មានសេចក្ដីថា ខែពេញបូណ៌មី។​ រីឯពិធីដែលធ្វើកំណត់ថា ត្រឹមត្រូវ គឺត្រូវមានការសម្ដែងរឿងពុទ្ធប្បវត្ដិ តាំងអំពីដើមរហូតដល់ចប់ ដើម្បីជាគ្រោងបណ្ដុះបសាទសទ្ធាឱ្យកើតមានក្នុងគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃឱ្យកាន់ខ្លាំងក្លាឡើង។ ពិធីដែលប្រជាជនខ្មែរយើងធ្លាប់ធ្វើរួចហើយ ចាត់ទុកជាបែបផែនដែលល្អ និងសមស្របទៅនឹងប្រពៃណីពីបុរាណ។

ចំពោះការប្រារឰពិធីបុណ្យវិសាខបូជានៅក្នុងពេលរាត្រី អាស្រ័យដោយលក្ខណៈងាយស្រួល ២ យ៉ាង គឺ​ ១. ដើម្បីបានឱកាសអុជគ្រឿងប្រទីប ជ្វាលា បូជាភ្លើងអគ្គិសនីឱ្យភ្លឺរុងរឿងរន្ទាល ច្រាលឆ្អៅផង។​ ២. ដើម្បីបើកឱកាសឱ្យពុទ្ធបរិស័ទបានជួបជុំគ្នាដ៏ច្រើនកុះករទាំងប្រុសទាំងស្រីអាចបំពេញនូវបុណ្យកុសលកម្មមួយនេះ ដោយសេចក្តីសប្បាយរីករាយ ពីព្រោះពេលយប់ជាវេលាទំនេរផង។


សូមបញ្ជាក់ថា​ បុណ្យវិសាខបូជា ត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ចំពោះបណ្ដាប្រទេស កាន់ព្រះពុទ្ធសាសនាលើសាកលលោក ក្នុងនោះមានប្រទេសកម្ពុជាផងដែរ តាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ។


នៅប្រទេសកម្ពុជា បុណ្យវិសាខបូជានេះ តាមដែលចាស់ទុំ អ្នកមុខអ្នកការទាំងឡាយតំណាលតៗគ្នាបានឱ្យដឹងមកថា គេបានផ្ដើមធ្វើក្នុងនៅរជ្ជកាលព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី “ព្រះអង្គឌួង” ដែលគង់នៅក្នុងក្រុងឧដុង្គជាដំបូង ព្រោះថាកាលក្នុងពុទ្ធសករាជ ២៣៩៧ គ្រិស្ដសករាជ ១៨៥៤ សម្ដេចព្រះអង្គឌួង ទ្រង់សព្វព្រះរាជហឫទ័យស្នើសុំទូទៅក្នុងកម្ពុជរដ្ឋ៕