ព័ត៌មានជាតិ

ផ្លូវបេតុងថ្មីចូលទៅកាន់ចំណតទូកទេសចរណ៍ក្រុងកំពត ស្ថាបនាសម្រេចបាន៥០%

image


កំពត៖ អភិបាលក្រុងកំពត លោក លាង រឿនសុធី បានឱ្យដឹងថា កន្លងមកដោយការគិតគូរពីសុខទុក្ខ និងជីវភាពរបស់ម្ចាស់ទូកដឹកភ្ញៀវទេសចរកម្សាន្តតាមដងព្រែកកំពង់បាយ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានប្តូរទីតាំងចំណតទូក ពីត្រើយខាងលិច មកនៅត្រើយខាងកើតវិញ នៅចន្លោះស្ពានថ្មថ្មី និងស្ពានរថភ្លើង ដោយបានរៀបចំជាឆ្នេរខ្សាច់ដ៏ស្រស់ស្អាតមួយ ដើម្បីឱ្យភ្ញៀវមកជិះទូកច្រើន។

ដោយសារផ្លូវចូលទៅចំណតទូកមិនទាន់ស្អាតសមរម្យ ទើបលោកអភិបាលខេត្ត ចាប់ផ្តើមស្ថាបនាជាផ្លូវបេតុងជូនបន្ថែមទៀត ដោយមានទទឹង ១២ម៉ែត្រ និងបណ្តោយ ១ ០១០ម៉ែត្រ ដើម្បីងាយស្រួលធ្វើដំណើរសម្រាប់ភ្ញៀវទេសចរផង និងឱ្យពលរដ្ឋម្ចាស់ទូក និងអ្នករស់នៅជាប់ផ្លូវអាចបង្កើតមុខរបស់បន្ថែមផង។ ការសាងសង់គិតមកដល់ថ្ងៃទី៨ ខែឧសភា សម្រេចបានប្រមាណរង្វង់ ៥០%ហើយ យ៉ាងយូរ ២សប្តាហ៍ទៀត ផ្លូវបេតុងនេះនឹងស្ថាបនារួចរាល់ជាស្ថាពរ។

ម្ចាស់ទូកទេសចរណ៍ និងអាជីវករលក់នៅខាងមុខចំណតទូកទេសចរណ៍ បានបង្ហាញសេចក្តីត្រេកអរយ៉ាងខ្លាំង និងរំពឹងថា ក្រោយផ្លូវបេតុងថ្មីនេះសាងសាងរួច ភ្ញៀវទេសចរនឹងមកលេងកាន់តែច្រើន ហើយមុខរបររបស់ពួកគាត់នឹងកាន់តែល្អប្រសើរឡើងថែមទៀត។ ពីមុនមក តំបន់នេះជាតំបន់ព្រៃ មានភក់ច្រើនដែលមិនអាចធ្វើដំណើរបាន ឬចូលមកលេងកម្សាន្តបាន តែក្រោយមកទីតាំងនេះក្លាយទៅជាឆ្នេរដ៏ស្រស់ស្អាត និងមានផ្លូវបេតុង។

សូមបញ្ជាក់ថា ផ្លូវបេតុងមួយខ្សែនេះពិតជាមានសំខាន់ណាស់ សម្រាប់ជួយលើកកម្ពស់សោភ័ណភាពក្រុងកំពតផង បង្កើនភាពទាក់ទាញភ្ញៀវទេសចរឱ្យមកជិះទូក និងអង្គុយលម្ហែកាន់តែច្រើន ព្រោះឆ្នេរនៅទីតាំងនេះ អាចគយគន់ទេសភាពជួរភ្នំ និងមើលថ្ងៃលិចយ៉ាងស្រស់ស្អាត ពិសេសទឹកព្រែកថ្លាអាចងូតលេងបាន។ ជាងនេះទៅទៀត ផ្លូវនេះភ្ជាប់កន្លែងកម្សាន្តតាមដងព្រែងកំពង់បាយពីផ្លូវរថភ្លើងរហូតដល់សួនច្បារសេះសមុទ្របាញ់ទឹកខាងមុខសាលាខេត្ត៕



អត្ថបទ៖ វង្ស សុធារម្យ