សង្គម

ផ្លូវកៅស៊ូជិត ១០គីឡូម៉ែត្រ ជាសមិទ្ធផលថ្មីមួយទៀត និងជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

image


កំពង់ធំ៖ ផ្លូវកៅស៊ូពីរជាន់ DBSTប្រវែង ៩,៥០គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦២ ក្នុងភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ តភ្ជាប់ទៅភូមិតាប៉ោង គឺជាសមទ្ធិផលថ្មីមួយទៀត ដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា ដើម្បីជំរុញឲ្យខេត្តកំពង់ធំកាន់តែរីកចម្រើនថែមទៀត ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះ ផ្លូវនៅតែជាគន្លឹះអាទិភាពដែលជួយឲ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

លោកបានបន្ថែមទៀតថា ផ្លូវមួយខ្សែរនេះ ជាផ្លូវសេដ្ឋកិច្ចមួយសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរតភ្ជាប់ពីភូមិឥន្ទកុមារ រហូតដល់ភូមិតាប៉ោង ឃុំកំពង់ស្វាយ ហើយក៏ជាផ្លូវសម្រាប់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ធ្វើដំណើរទៅលេងកម្សាន្តនៅរមណីយដ្ឋានប្រវត្តសាស្ត្រប្រាសាទសំបូរព្រៃគុកផងដែរ។

លោក នួន ផារ័ត្ន សំណូមពរដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់នេះឲ្យបានគង់វង្ស យូរអង្វែង ដោយមិនត្រូវដឹកជញ្ជូនធ្ងន់ហួសហេតុលើផ្លូវថ្នល់ ដែលធ្វើឱ្យស្រុតផ្លូវថ្នល់ ឬបែកលូកាត់ទទឹងផ្លូវ ឬបាក់ស្ពាន។ ម្យ៉ាងវិញទៀត ចូលរួមគោរពច្បាប់ ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ដើម្បីការពារផ្លូវថ្នល់ខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ៕

អត្ថបទ៖ ស៊ុម ស៉ីថាវរី