ព័ត៌មានអន្តរជាតិ

លោកត្រាំ និយាយថា សេដ្ឋកិច្ចអាម៉េរិកធ្លាក់ចុះ គឺបណ្ដាលមកពីគោលនយោបាយរដ្ឋាភិបាលរបស់លោកចូបៃដិន

image


សហរដ្ឋអាម៉េរិក៖ អំឡុងសុន្ទរកថា ទៅកាន់មេដឹកនាំធុរកិច្ចដែលវិនិយោគនៅសហរដ្ឋអាម៉េរិក កាលពីថ្ងៃពុធ លោក ត្រាំ បាននិយាយថា តួលេខសេដ្ឋកិច្ចធ្លាក់ចុះខ្សោយនាពេលនេះ ឆ្លុះបញ្ចាំងពីសេដ្ឋកិច្ចរបស់រដ្ឋបាលក្រោមអាណត្តិដឹកនាំរបស់លោកចូបៃដិន ព្រោះតែលោកត្រាំខ្លួនឯង ទើបតែឡើងកាន់តំណែងនៅថ្ងៃទី២០ ខែមករានេះប៉ុណ្ណោះ ដោយកាលនោះ គោលនយោបាយពន្ធគយធំៗ មិនទាន់បានអនុវត្តនៅឡើយទេ ។

លោកត្រាំ បានកត់សម្គាល់ឡើងវិញថា «ជុំវិញស្ថានភាពសេដ្ឋកិច្ចនាពេលនេះ បញ្ហាគឺបណ្ដាលមកពីគោលនយោបាយពីមុនរបស់លោកចូបៃដិន (Joe Biden) មិនមែនជាលោកនោះទេ» ។

លោកក៏បាននិយាយផងដែរថា តួលេខធ្លាក់ចុះផលិតផលក្នុងស្រុកសរុប ឬ GDP គឺដោយសារតែ "កត្តាដ៏ជាក់លាក់" ពាក់ព័ន្ធនឹងការនាំចូលកើនឡើង, ទំនិញស្ដុកទុកហួសកម្រិត, សារពើពន្ធ និងការចំណាយរបស់រដ្ឋាភិបាលមុន ដែលជាធាតុផ្សំធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ។

តាមរយៈការស្ទង់មតិថ្មីៗរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters និង Ipsos បានបង្ហាញថា ការវាយតម្លៃពាក់ព័ន្ធនឹងការអនុវត្តវិធានការពន្ធគយរបស់លោកត្រាំក្នុងតំណែងជាប្រធានាធិបតី មាន ៤២% (ធៀបនឹងខែមករា មាន៤៧%) ដែលពេញចិត្ត ខណៈ៥៣% មិនយល់ស្រប។

នៅពេលនិយាយពាក់ព័ន្ធនឹងការគ្រប់គ្រងសេដ្ឋកិច្ចរបស់លោកត្រាំ ការស្ទង់មតិ បានធ្លាក់ចុះពី ៣៧% មកនៅ ៣៦% កាលពីសប្ដាហ៍មុន ហើយនេះគឺជាកម្រិតទាបបំផុតក្រោមអាណត្តិដឹកនាំរបស់លោកនាពេលបច្ចុប្បន្ន ខណៈការមិនយល់ស្របលើការគ្រប់គ្រងសេដ្ឋកិច្ចរបស់លោក បានឡើងដល់ ៥៦% ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Independent/ Others