សង្គម

ការប្រឡងសិស្សពូកែទូទាំងប្រទេសឆ្នាំ២០២៥ មានបេក្ខជនជាប់ជ័យលាភីចំនួន៣០នាក់ មកពីរាជធានី ខេត្តចំនួន១៤

image


ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសអំពីជ័យលាភីសិស្សពូកែចំនួន៣០រូប ក្នុងការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ សម័យប្រឡង៖ ២៦ មេសា ២០២៥។


ប្រកាសរបស់ក្រសួងអប់រំបានឱ្យដឹងថា ជ័យលាភីសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ រួមមាន៖ ៦នាក់មកពីរាជធានីភ្នំពេញ, ៤នាក់មកពីខេត្តកណ្ដាល, ៣នាក់មកពីខេត្តបាត់ដំបង, ៣នាក់មកពីកំពង់ចាម, ២នាក់មកពីសៀមរាប, ២នាក់មកពីព្រៃវែង, ២នាក់មកពីបន្ទាយមានជ័យ និង២នាក់មកពីស្វាយរៀង។ ចំណែកខេត្តដែលមានសិស្សជាប់១នាក់ មានដូចជា ខេត្តឧត្តរមានជ័យ, តាកែវ, ប៉ៃលិន, កំពត, ក្រចេះ និង កំពង់ធំ។


នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទ “ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសនេះដែរ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានមានប្រសាសន៍ កោតសរសើរ និងសូមចូលរួមអបអរសាទរដល់បេក្ខជនទាំងអស់ ដែលបានខិតខំរៀនសូត្រយកអស់កម្លាំងកាយចិត្ត និងបញ្ញាញាណចូលរួមប្រកួតដណ្តើមជ័យលាភីសិស្សពូកែទូទាំងប្រទេស។


ទន្ទឹមគ្នានេះ លោករដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការរៀបចំការប្រឡង និងមេប្រយោគគ្រប់លំដាប់ថ្នាក់ដែលបានបំពេញការងារប្រកប ដោយវិជ្ជាជីវៈ និងគោរពនូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព។


បន្ថែមពីលើនេះ លោក ហង់ជួន ណារ៉ុន ក៏បានផ្តល់អនុសាសន៍ដល់អង្គភាពពាក់ព័ន្ធ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្តទាំងអស់នូវចំណុចមួយចំនួនដូចជា៖ ១.កំណត់អត្តសញ្ញាណសិស្សដែលមានឧបនិស្ស័យជាសិស្សពូកែ រាប់ចាប់តាំងពីកម្រិតបឋមសិក្សាដល់មធ្យមសិក្សាទុតិយភូមិ ដោយរៀបចំជាការគាំទ្រនិងអន្តរាគមន៍ជួយដល់ពួកគេ។ ២.បន្តផ្តល់កិច្ចគាំទ្រចំពោះមុខដល់សិស្សពូកែដែលកំពុងជួបបញ្ហាទាំងក្នុងការរស់នៅ និងការរៀនសូត្រ។

៣.បន្តផ្តល់នូវការតម្រង់ទិសសិក្សាដើម្បីឱ្យសិស្សពូកែរបស់យើងអាចឈានចូលនិងបន្តការសិក្សានៅថ្នាក់បន្តបន្ទាប់ ដែលនឹងអាចក្លាយជាធនធានដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិលើមុខជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។

៤.បន្តចងក្រងនូវបទពិសោធរបស់បេក្ខជនដែលជាសិស្សពូកែ អំពីវិធីសាស្ត្រក្នុងការរៀនសូត្រឱ្យក្លាយជាសិស្សពូកែដើម្បីចែករំលែកដល់ក្មួយៗសិស្សានុសិស្សដទៃទៀត។ ៥.បន្តបំពាក់បំប៉នបន្ថែមដល់សិស្សជ័យលាភី និងសិស្សនិទ្ទេស A ឱ្យកាន់តែមានលទ្ធភាពប្រកួតប្រជែងខ្ពស់ជាងមុនក្នុងការប្រកួតប្រជែងកម្រិតតំបន់និងអន្តរជាតិ។

៦.ជ័យលាភីសិស្សពូកែ និងជាសិស្សពូកែទាំងអស់បន្តខិតខំព្យាយាមរៀនសូត្រ ដើម្បីក្លាយជាសិស្សល្អ មិត្តល្អ កូនល្អ និងពលរដ្ឋល្អ។

៧. ជ័យលាភីសិស្សពូកែថ្នាក់ទី៩សូមបន្តរក្សាឈ្មោះជា «សិស្សពូកែ»។
សូមជម្រាបថា បេក្ខជនដែលបានចូលរួមប្រឡងជ្រើសរើសសិស្សពូកែឆ្នាំ២០២៥នេះ មានចំនួនសរុប២៤០នាក់ ស្រី១២៦នាក់ មកពី១៦២គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ និងឯកជន (ថ្នាក់ទី៩ និងថ្នាក់ទី១២)៕


អត្ថបទ៖ សុភៈនារី
រូបភាព៖ ផេកក្រសួងអប់រំ