ព័ត៌មានជាតិ

រដ្ឋមន្ត្រីសាធារណការ ណែនាំប្រធានមន្ទីរ ខេត្តកំពង់ស្ពឺ ត្រូវធ្វើជាមន្ត្រីល្អ ប្រកាន់ខ្ជាប់នូវទិសស្លោក ធ្វើឱ្យបាន ធ្វើឱ្យឆាប់ និងធ្វើឱ្យមានតម្លាភាព

image


កំពង់ស្ពឺ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា បានណែនាំដល់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ ដែលទើបប្រកាសតែងតាំងថ្មី ឱ្យប្រកាន់ខ្ជាប់ធ្វើជាមន្ត្រីល្អ ដើម្បីឆ្លើយតបទៅនឹងប្រកាសណែនាំរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាកន្លងមក និងត្រូវអនុវត្តឱ្យបាននូវទិសស្លោក ធ្វើឱ្យបាន ធ្វើឱ្យឆាប់ និងធ្វើឱ្យមានតម្លាភាព។

ក្រៅពីនេះ ត្រូវមានវិធានការក្នុងការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយត្រូវរឹតបន្តឹង និងចៀសវាងឱ្យបានដាច់ខាតការដឹកជញ្ជូនលើសទម្ងន់ លើសកម្រិតកំណត់ និងការអនុវត្តច្បាប់ចរាចរណ៍នៅលើដងផ្លូវឱ្យមានប្រសិទ្ធភាព គណនេយ្យភាព និងសក្តិសិទ្ធភាព ដោយត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយ និងចលនាមហាជនឱ្យគោរពច្បាប់ចរាចរណ៍ និងអនុវត្តក្នុងការរឹតបន្តឹងនូវការពាក់មួកសុវត្ថិភាពនៅក្នុងពេលបើកបរយានយន្តលើដងផ្លូវ ជាដើម។ ការណែនាំដូចនេះ ក្នុងឱកាសប្រកាស និងផ្ទេរភារកិច្ច លោក ជិញ គួង ពីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពត មកជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ ជំនួស លោក ស៊ូ ស៊ុន្ធរ៉ា ដែលត្រូវផ្ទេរភារកិច្ចជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

លោក ប៉េង ពោធិ៍នា គូសបញ្ជាក់ថា ការផ្លាស់ប្តូរមុខតំណែង និងតួនាទីមន្ត្រីរាជការជាកិច្ចដំណើរការប្រព្រឹត្តទៅក្នុងជីវភាពការងាររបស់មន្ត្រីដែលបានបម្រើការងាររដ្ឋ។ ទន្ទឹមនេះវាក៏ជាឱកាសផ្តាស់ប្តូរនូវមុខងារ និងបទពិសោធន៍ការងាររថ្មីៗបន្ថែមទៀត ពិសេសបណ្តុះនូវស្មារតី និងបទពិសោធន៍ វប្បធម៌ចែករំលែកចំណេះដឹង និងបទពិសោធន៍ ក្នុងការជំរុញនូវគំនិតផ្តួចផ្តើមថ្មីៗដល់មន្ត្រី ដើម្បីឆ្លើយតបទៅនឹងកំណែទម្រង់ស៊ីជម្រៅនៃរដ្ឋបាលសាធារណៈ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសមត្ថភាព វិជ្ជាជីវៈ ដល់មន្ត្រីរាជការ សំដៅបង្កើនប្រសិទ្ធភាពក្នុងការបម្រើជាតិមាតុភូមិឱ្យមានការរីកចម្រើនថែមទៀត។

លោករដ្ឋមន្ត្រី បានរំលេចដែរថា តាមរយៈសមត្ថភាពបទពិសោធន៍ និងការងារជំនាញរបស់ លោក ជិញ គួង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនថ្មី ខេត្តកំពង់ស្ពឺនៅពេលនេះ ផ្តើមចេញលើជំនាញ និងបទពិសោធន៍ និងផ្តើមពីការផ្តល់នូវទំនុកចិត្តដ៏មុតមាំពីអាជ្ញាធរខេត្ត និងក្រសួងផ្ទាល់ ក្នុងដំណាក់កាលកែទម្រង់សម្រាប់ការគ្រប់គ្រងមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាបន្តការកសាង និងអភិវឌ្ឍន៍ និងរួមគ្នាខិតខំថែទាំនូវបណ្តាញរចនាសម្ព័ន្ធដឹកជញ្ជូន ដែលជាក្បាលម៉ាស៊ីនជំរុញដល់កំណើនសេដ្ឋកិច្ចជាតិកាត់បន្ថយភាពក្រីក្រ ក៏ដូចជាការបម្រើដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

លោករដ្ឋមន្ត្រី ក៏បានរំពឹងទុកថា ប្រធានមន្ទីរថ្មី និងខិតខំបន្តនូវប្រពៃណីក្នុងការពង្រឹងនូវធ្លុងសាមគ្គីភាពផ្ទៃក្នុងរួមគ្នាជាមួយមន្ត្រីក្រោមឱវាទ ខិតខំជំរុញឱ្យវិស័យសាធារណការ និងដឹកជញ្ជូនបានកាន់តែល្អប្រសើរ និងធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងខេត្តកាន់តែមានសក្តានុពលរីកចម្រើនឡើងបន្ថែមទៀត៕


អត្ថបទ៖ ប៊ុត សារុន