សង្គម

ផ្លូវក្រាលកៅស៊ូពីរជាន់ចំនួន ១ខ្សែ ប្រវែងជាង ១គីឡូម៉ែត្រ ស្ថិតក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ត្រូវបានបើកការដ្ឋានស្ថាបនា ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

image


មណ្ឌលគិរី៖ ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងដឹកកសិផលកសិកម្មផ្សេងៗ លោក ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្ត បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូពីរជាន់ (DBST) ចំនួន ០១ខ្សែ ប្រវែង ១,៣០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ចិញ្ចើមសងខាងផ្លូវក្រាលក្រួស ទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់ ០. ២ម៉ែត្រ សាងសង់លូមូលមុខពីរចំនួន ១កន្លែង លូមូលមុខមួយចំនួន ១កន្លែង ផ្លាកសញ្ញាចរាចរណ៍ចំនួន ០៦កន្លែង គំនូសចរាចរណ៍ ១៩៥ម៉ែត្រការ៉េ និងផ្លាកឈ្មោះផ្លូវ ២កន្លែង ស្ថិតនៅក្នុងភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។

លោក ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ទាំងនេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រម្ពុជា ក្នុងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជូនប្រជាពលរដ្ឋ ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការដឹកជញ្ជូននូវកសិផលកសិកម្មផ្សេងៗ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលរួមទស្សនាកម្សាន្តនៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ដែលជារមណីយដ្ឋានដ៏ល្បីល្បាញនៅខេត្តមណ្ឌលគិរី។  ទន្ទឹមនឹងនេះ លោក ក៏បានណែនាំដល់ម្ចាស់ក្រុមហ៊ុន ទទួលស្ថាបនាផ្លូវកៅស៊ូនេះ ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវ តាមបទដ្ឋាន បច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង។

លោក បានបញ្ជាក់ថា ផ្លូវមួយខ្សែនេះ នឹងចូលរួមកាត់បន្ថយការលំបាកផ្សេងៗ ទាំងពេលវេលា និងការធ្វើដំណើរ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយវានឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋរស់នៅឃុំប៊ូស្រា ស្រុកពេជ្រាដា។

លោករដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បន្ថែមថា ផ្លូវកៅស៊ូនេះ ជាផ្នែកមួយ នៃការអភិវឌ្ឍនៅមូលដ្ឋាន លើវិស័យហេដ្ឋារចនាសម្ព័ន លើកស្ទួយជីវភាពប្រជាជននៅមូលដ្ឋាន ហើយសមិទ្ធផលទាំងអស់នេះ គឺកើតចេញពីកត្តាសុខសន្តិភាព និងស្ថិរភាពសង្គម ដូច្នេះ សូមចូលរួមថែរក្សាផ្លូវនេះទាំងអស់គ្នា ដើម្បីធានាការប្រើប្រាស់ឱ្យបានយូរអង្វែង។

លោក ក៏សូមផ្ដាំផ្ញើដល់​ប្រជាពលរដ្ឋ ទាំងអស់ត្រូវ ចេះថែរក្សានៅផ្លូវមួយខ្សែនេះ ឲ្យបានគង់វង្សយូរអង្វែង និងបើកបរត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍បាត់បង់អាយុជីវិតនោះផងដែរ៕ ​

អត្ថបទ៖ ប៊ុត សុភ័ក្រ