រដ្ឋមន្ត្រីក្រសួងសាធារណការ៖ បច្ចុប្បន្ន កម្ពុជា មានកំពង់ផែសមុទ្រ និងកំពង់ផែទន្លេ សរុបចំនួន ១១៩កន្លែង ដែលបាននិងចូលរួមពង្រីកវិសាលភាពនៃការដឹកជញ្ជូនតាមផ្លូវទឹក
កំពត៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា មានកំពង់ផែសមុទ្រ និងកំពង់ផែទន្លេសរុបចំនួន ១១៩កន្លែង ក្នុងនោះ នៅតាមតំបន់ឆ្នេរសមុទ្រ មានកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែចំនួន ៣០ផ្សេងទៀត និងនៅតាមដងទន្លេ មានកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែចំនួន ៨៧ ផ្សេងទៀត ដែលបាននិងកំពុងចូលរួមលើកកម្ពស់ប្រសិទ្ធភាព និងពង្រីកវិសាលភាពនៃការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រនៅកម្ពុជា ។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់បែបនេះ តាមរយៈរបាយការណ៍ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតនៅឃុំជើងក្រៀល ស្រុកទឹកឈូ ខេត្តកំពតនៅព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
បើតាមលោក ប៉េង ពោធិ៍នា បញ្ជាក់ថា កំពង់ផែទេសចរណ៍អន្តរជាតិកំពតនេះ នឹងរួមចំណែកលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ ដូចជា ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និងបណ្តាកោះនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ ការតភ្ជាប់ទាំងអស់នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម តាមរយៈការផ្តល់ឱកាសការងារ និងបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសហគ្រាស អាជីវកម្មក្នុងស្រុក ដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ហាងលក់វត្ថុអនុស្សាវរីយ៍ និងក្រុមហ៊ុនទេសចរណ៍ជាដើម ព្រមទាំងជំរុញឱ្យមានការបង្កើតនូវទីតាំងកម្សាន្តថ្មីៗនៅក្នុងភូមិសាស្រ្តខេត្តកំពតនិយាយដោយឡែក និងបណ្តាខេត្តផ្សេងទៀតនិយាយជារួម ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត៕