សន្តិសុខសង្គម

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង

image



ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូទៅលេងផ្ទះនៅភ្នំពេញ ខណៈកំពុងធ្វើដំណើរតាមផ្លូវបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅលើកំណាត់ផ្លូវបេតុង២០១១ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅក្បែរទីតាំងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសចំណាស់ខាងលើ ជិះម៉ូតូម៉ាកហុងដាគុប ពណ៌សលាយទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1P-8869 បើកបរតាមបណ្តោយផ្លូវបេតុង២០១១ ពីលិចទៅកើត។ បន្ទាប់មកក៏មានម៉ូតូ១គ្រឿងទៀតម៉ាក Scoopy ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JS-4400 បើកបរដោយយុវជនម្នាក់ រួមដំណើរដោយយុវជនម្នាក់ទៀត ជិះឌុបគ្នាក្នុងទិសដៅពីកើតទៅលិច។ នៅពេលដល់ចំណុចកើតហេតុ ភាគីខាងម៉ូតូ Scoopy បានបើកបរបញ្ច្រាសទិស គោលបំណងឆ្លងផ្លូវ ក៏បានជ្រុលចង្កូតទៅបុកម៉ូតូរបស់បុរសចំណាស់ខាងលើទាំងកំរោល បណ្តាលឲ្យភាគីទាំងសងខាងរងរបួសធ្ងន់។ ភ្លាមៗនោះពលរដ្ឋបាននាំគ្នាទាក់ទងទៅកាន់សមត្ថកិច្ច និងរថយន្តសាម៉ុយ តែជាអកុសល បុរសចំណាស់ បានរងរបួសធ្ងន់បែកក្បាលហូរឈាមស្លាប់នៅកន្លែងកើតហេតុ។ ចំណែកម៉ូតូទាំងសងខាងត្រូវបានរងការខូចខាត។

បន្ទាប់ពីបុករួចសមត្ថកិច្ចក៏បានចុះមកដល់ និងបាននាំខ្លួនភាគីខាងម៉ូតូ Scoopy ដែលបើកបរបញ្ច្រាសទិស ទៅប៉ុស្តិ៍នគរបាលដើម្បីធ្វើការសួរនាំ និងអនុវត្តតាមនីតិវិធីច្បាប់។ បុរសម្នាក់នេះ បើតាមការអះអាងរបស់ពលរដ្ឋថា បានបើកបរក្នុងស្ថានភាពស្រវឹង។ ចំណែកសពបុរសចំណាស់បានប្រគលទៅឱ្យក្រុមគ្រួសារ៕


អត្ថបទ៖ ឌីយ៉ាម៉ង់