សង្គម

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យគណៈបញ្ជាការរាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធត្រូវពង្រឹងការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យចូលឆ្នាំថ្មី។

image



សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យគណៈបញ្ជាការរាជធានី-ខេត្ត អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ត្រូវពង្រឹងការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងចូលមកដល់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយឆ្នាំនេះយើងនឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ទូទាំងប្រទេសឱ្យមានលក្ខណៈអធិកអធម ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីផង និងដើម្បីទាក់ទាញភ្ញៀវទេសចរផង។ នេះជាបើយោងតាមសេចក្តីប្រកាសព័ត៌មាន នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដែលបានធ្វើឡើងថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៥នេះ ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំថា "ត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍នៅតាមមូលដ្ឋាន ដើម្បីត្រៀមខ្លួនដាក់ចេញនូវចំណាត់ការទប់ស្កាត់ ឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព នូវរាល់សកម្មភាពប៉ុនប៉ងបង្កឱ្យមានចលាចល វឹកវរ និងអសន្តិសុខ ក្នុងសង្គម និងត្រូវយកចិត្តទុកដាក់ចំពោះការការពារសន្តិសុខ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់"៕

អត្ថបទ៖ ហ៊ន សុភ័ក្រ