ព័ត៌មានអន្តរជាតិ

អ្នកនៅរស់រានមានជីវិតពីការរញ្ជួយដី ដេកតាមផ្លូវ ដើម្បីរងចំាជំនួយមនុស្សធម៌ ខណៈមេដឹកនាំយោធាមីយ៉ាន់ម៉ាប្រកាសផ្អាកច្បាំងគ្នាមួយគ្រាសិន

image


មីយ៉ាន់ម៉ា៖ ស្របពេលដែលជំនួយអន្តរជាតិកំពុងតែបន្តចាក់ស្រោចទៅកាន់តំបន់រងគ្រោះពីការរញ្ជួយដីនៅក្នុងតំបន់មណ្ឌលេ ប្រទេសមីយ៉ាន់ម៉ានោះ ប្រជាពលរដ្ឋដែលនៅរស់រានមានជីវិតបានមកស្នាក់នៅ តាមដងផ្លូវ ដោយសារតែផ្ទះសម្បែងរបស់ពួកគេបានដួលរលំអស់ទៅហើយកាលពីសប្តាហ៍មុន។

ទីភ្នាក់ងារសារព័ត៌មានស៊ីអិនអេ (CNA)បានរាយការណ៍ឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា អ្វីដែលអ្នករស់រានមានជីវិតត្រូវការនាពេលនេះ ពោលគឺ ស្បៀងអាហារ និងទឹកសម្រាប់ផឹក រួមទាំងថ្នំាសង្កូវជាដើម។ ក្រៅពីជំនួយអន្តរជាតិដែលមកដល់យឺតយ៉ាវនោះ គេសង្កេតឃើញមានសប្បុរសជន ជាជនរួមជាតិមកពីតំបន់ផ្សេងៗបានចែកចាយទឹកផឹក និងផ្លែឈើហូបតិចតួចតែប៉ុណ្ណោះ។

គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ អស់រយៈពេលជិត១សប្តាហ៍មកហើយនៃការរញ្ជួយដីកំរិត៧.៧តាមរង្វាស់រិចទ័រ ខណៈចំនួនអ្នកស្លាប់ក៏នៅតែបន្តកើនឡើងជាង៣,០០០នាក់ រីឯអ្នករងរបួសក៏មានចំនួនច្រើន ស្របពេលអ្នកបាត់ខ្លួនរាប់រយនាក់ផ្សេងទៀតនៅមិនទាន់រកឃើញនៅឡើយដែរ។

ដោយឡែកអង្គការសហប្រជាជាតិឯណោះវិញ បានលើកឡើងថា ជំនួយផ្នែកសប្បុរសធម៌ទើបតែបានទទួលប្រមាណជា ១.១លានដុល្លារអាម៉េរិកប៉ុណ្ណោះ មកដល់ប្រទេសមីយ៉ាន់ម៉ា រីឯក្រុមសង្គ្រោះ និងក្រុមរុករកជនបាត់ខ្លួនបានមកដល់ទីតំាងកន្លែងកើតហេតុមានប្រមាណជា២៥ក្រុម ដែលមកពីប្រទេសចំនួន១៣ ក្នុងនោះរួមមានចិន ឥណ្ឌា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងមកពីក្រៅតំបន់អាស៊ានផ្សេងទៀត។

ដោយយោងតាមទីភ្នាក់ងារជំនួយមនុស្សធម៌ បានលើកឡើងនៅថ្ងៃព្រហស្បតិ៍នេះដែរថា បញ្ហាអនាម័យ និងទឹកប្រើប្រាស់បានក្លាយទៅជាកិច្ចការប្រឈមខ្លំាង។

អ្នកស្រុកមណ្ឌលេ ម្នាក់ឈ្មោះ ខាធី អ៊ូ(Kathy Oo) បានរៀបរាប់ថា វាជាបញ្ហាដ៏ធំសម្រាប់ពួកខ្ញុំ ដោយសារតែមិនដឹងថា រកទឹកនៅទីណាមាន ខណៈអគ្គិសនីក៏ដាច់អស់រលីង។
ស្របពេលដែលរដូវម៉ូសុងអាចនឹងឈានចូលមកដល់ប៉ុន្មានសប្តាហ៍ខាងមុខនេះ អង្គការសហប្រជាជាតិបានព្រមានថា គ្រោះហានិភ័យដែលកើតចេញពីការរាតត្បាតជំងឺផ្សេងៗ អាចនឹងកើតមានឡើងបន្តទៀត មានដូចជាជំងឺរាគរូស ជំងឺឆ្លង និងជំងឺគ្រុនចាញ់ជាដើម។

រហូតមកទល់នឹងថ្ងៃរសៀលថ្ងៃពុធម្សិលមិញ របបសឹកយោធាមីយ៉ាន់ម៉ាបានប្រកាសបទឈប់បាញ់គ្នាជាបណ្តោះអាសន្នមួយ ខណៈអ្នកនៅរស់រានមានជីវិតកំពុងតែបន្តដង្ហោយហៅរកជំនួយ លាយឡំដោយក្តីសង្ឃឹម និងអស់សង្ឃឹម។

របបសឹកមីយ៉ាន់ម៉ាបានថ្លែងសារតាមរយៈរបាយការណ៍ដែលគេរៀបចំទុកដាក់រួចហើយនោះថា “គោលបំណងនៃបទឈប់បាញ់គ្នាជាបណ្តោះអាសន្ននេះ គឺក្នុងគោលបំណងដើម្បីជួយពន្លឿនកិច្ចការជំនួយ និងការសាងសង់ឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ រួមទំាងបន្តរក្សាសន្តិសុខ និងសន្តិភាព ស្ថេរភាព សាន្តត្រាណរបស់ប្រជាពលរដ្ឋ”។

ទោះបីជាមានការលើកឡើងបែបនេះក្តី ក៏នៅក្នុងឃ្លាមួយបានគូសបញ្ជាក់បែបមិនភ្លេចទៅលើការព្រមានដល់ក្រុមប្រឆំាងរបស់ខ្លួន ដោយបានលើកឡើងបន្ថែមទៀតថា ភាពសុំាញុំនៃក្រុមគំាទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមប្រដាប់អាវុធអំបូរភាគតិច អាចនឹងបន្តតាមកំទេច ប្រសិនណាបើក្រុមជ្រុលនិយមទាំងអស់នេះនៅតែបន្តធ្វើវិទ្ធង្សនា មានដូចជា “ជួបជុំ, រៀបចំ, និងចង់បំបែកទឹកដី អាចធ្វើឱ្យខូចការដល់ដំណើរការសន្តិសុខភាពផ្លូវចិត្តពលរដ្ឋនោះ”។

ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់បានរាយការណ៍ឱ្យបន្ថែមទៀតថា ស្ថិតនៅក្នុងសភាពគ្រំាគ្រាទំាងផ្លូវចិត្ត និងបញ្ហាវិបត្តិសង្គមចាក់ស្រេះនៅក្នុងប្រទេសមីយ៉ាន់ម៉ាប្រកបដោយភាពប្រទាក់ក្រឡាគ្នាមិនអស់មិនហើយនេះ ទីភ្នាក់ងារសហប្រជាជាតិ ក្រុមសិទ្ធិមនុស្ស និងរដ្ឋាភិបាលបរទេសជាច្រើន តំាងពីដំបូងឡើយបានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងសង្គ្រាមស៊ីវិលប្រទេសមីយ៉ាន់ម៉ា ត្រូវតែបញ្ឈប់ច្បំាងគ្នា ដោយផ្តោតជាសំខាន់ទៅលើការជួយសង្គ្រោះពលរដ្ឋស្លូតត្រង់ដែលកំពុងតែរងគ្រោះចេញពីផលប៉ះពាល់ដោយសារតែការរញ្ជួយដីដ៏ធំ នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។

នៅថ្ងៃព្រហស្បតិ៍នេះដែរ លោកម៉ឹង អ៊ុងឡំាង ធ្វើដំណើរមកកាន់ទីក្រុងបាងកក ដើម្បីចូលរួមប្រជុំជាមួយនឹងប្រទេសស្ថិតនៅក្នុងតំបន់អាស៊ាន បូកនឹងមីយ៉ាន់ម៉ា និងប្រទេសថៃ ដើម្បីពិភាក្សាលើការឆ្លើយតបទៅនឹងគ្រោះរញ្ជួយដីនេះដែរ៕

ប្រែសម្រួលសង្ខេប៖ ប្រាក់ សម្ជស្ស
ប្រភព៖ AFP/CNA/Others