ព័ត៌មានជាតិ

ក្រុមការងារក្រសួងសាធារណការ ចាប់ផ្តើមចុះពិនិត្យតម្រាយផ្លូវតភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ ទៅផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងទៅស្ពានព្រែកតាមាក់

image


ភ្នំពេញ៖ លោក ឈួន វិន រដ្ឋលេខាធិការ និងជានាយកគ្រប់គ្រងគម្រោងស្ថាបនាផ្លូវតភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ បានដឹកនាំក្រុមការងារ ចុះពិនិត្យតម្រាយផ្លូវតភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ ទៅផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងទៅស្ពានព្រែកតាមាក់។

ដំណើរនៃការចុះពិនិត្យនេះ ធ្វើឡើងដើម្បីពិនិត្យមើលតម្រាយខ្សែផ្លូវដែលមានស្រាប់ជាក់ស្ដែង តភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ ទៅផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងទៅស្ពានព្រែកតាមាក់។ ការសិក្សា និងស្ថាបនាគម្រោងនេះ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើតរាជធានីភ្នំពេញ ពង្រីកការតភ្ជាប់ បង្រួមរយៈពេលធ្វើដំណើរ និងបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋ។

គម្រោងស្ថាបនាផ្លូវ តភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ គឺក្រោមហិរញ្ញប្បទានសហប្រតិបត្តិការ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ។

សូមជម្រាបថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េស្ថិតក្នុងដំណាក់កាលសិក្សាលម្អិត ដែលស្ពានខ្សែកាបនេះ នឹងមានប្រវែង ១.០៧០ ម៉ែត្រ កាត់ទន្លេសាប និង ១.២៦២ ម៉ែត្រ កាត់ទន្លេមេគង្គ មានទទឹង ២៦.៥ ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែង ១.១៧៤.៩ ម៉ែត្រ។
ស្ពាននេះ ស្ថិតនៅចន្លោះផ្សាររាត្រី-ជ្រោយចង្វារ-អរិយក្សត្រ (ភ្នំពេញ-ក្រុងអរិយក្សត្រ ខេត្តកណ្ដាល) ត្រូវបានគាំទ្រដោយធនាគារសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េ ចំនួន ២៣៥លានដុល្លារ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២៕