សង្គម

អ្នកជំនាញ អំពាវនាវយ៉ាងទទូចឱ្យបន្តជួយគាំទ្រអ្នកដែលមានកើតជំងឺដោនស៊ីនដ្រូម ទាំងក្នុងសហគមន៍ និងពិភពលោក

image


អត្ថបទ៖ CNC

ភ្នំពេញ៖ វាគ្មិនជំនាញ បានធ្វើការអំពាវនាវយ៉ាងទទូចដល់សាធារណជន ក៏ដូចជាសប្បុរសជននានាបន្តជួយគាំទ្រអ្នកដែលមានកើតជំងឺ ដោនស៊ីនដ្រូម ទាំងនៅក្នុងសហគមន៍របស់អ្នកទាំងអស់គ្នា ក៏ដូចជានៅសង្គមជាតិយើងទូទាំងពិភពលោកឱ្យមាននិរន្តរភាព។

ការថ្លែងនេះរបស់លោកឪពុក គង់ វៀល ជាលោកបូជាចារ្យមកពីព្រះសហគមន៍កាតូលិកសន្តមីកាអែលខេត្តព្រះសីហនុ និងជាវាគ្មិនជំនាញក្នុងទិវាដោនស៊ីនដ្រូមពិភពលោក ដែលប្រារពធ្វើឡើងកាលពីពេលថ្មីៗនេះ ដោយមានការអញ្ជើញចូលរួមចែករំលែកនូវចំណេះដឹង និងបទពិសោធពីវាគ្មិនល្បីៗ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀតផង។

ក្នុងឱកាសនោះ លោកឪពុក គង់ វៀល បានមានប្រសាសន៍ថា ពួកគាត់ពិតជាត្រូវការពួកយើងដើរទន្ទឹមគ្នា ដៃក្នុងដៃ ដើម្បីជួយលើកទឹកចិត្ត ដើម្បីជួយផ្តល់ការគាំទ្រ ដើម្បីជួយការពារ ដើម្បីផ្តល់ឱកាសល្អៗជូនពួកគាត់។ លោកថា លើសពីនេះទៅទៀត យើងត្រូវចូលរួមទាំងអស់គ្នាដោយធ្វើយ៉ាងណា ដើម្បីបង្កើនប្រព័ន្ធនៃការគាំទ្រប្រកបដោយនិរន្តរភាព។

គួរបញ្ជាក់ថា ឆ្នាំ២០២៥នេះ ទិវាអន្តរជាតិមួយនេះប្រារព្ធធ្វើឡើងនៅខេត្ត-រាជធានី ចំនួន៣ គឺខេត្តបាត់ដំបង ខេត្តសៀមរាប និងភ្នំពេញ។ ដោយមានការគាំទ្រពីអង្គការជាច្រើន ដូចជាអង្គការការីតាស អង្គការកុមារមេគង្គ អង្គការករុណាបាត់ដំបង ហើយនិងមូលនិធិគួចម៉េងលីផងដែរ។

សូមជម្រាបជូនដែរថា ដោនស៊ីនដ្រូម (Down Syndrome) គឺជាបញ្ហាមួយដែលនាំឱ្យមានលក្ខណៈមិនក្រក្រតីរបស់ក្រូម៉ូសូមទី២១ លើសចំនួន ធ្វើឱ្យទារកមានបញ្ហាលូតលាស់ផ្នែករាងកាយ និងសតិបញ្ញាខុសប្រក្រតី។ វាត្រូវបានពិពណ៌នាជាលើកដំបូងដោយគ្រូពេទ្យជនជាតិអង់គ្លេសឈ្មោះ John Langdon Down តាំងពីឆ្នាំ១៨៦២ ឯណោះ៕