ព័ត៌មានអន្តរជាតិ

បារាំង បង្កើនការបញ្ជាទិញយន្តហោះចម្បាំងជំនាន់ថ្មី Rafale ពីក្រុមហ៊ុនបច្ចេកវិទ្យាយោធាក្នុងស្រុក

image


បារាំង៖ កាលពីថ្ងៃអង្គារម្សិលមិញ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក នឹងបង្កើនការបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយ Rafale ពីក្រុមហ៊ុនបច្ចេកវិទ្យាយោធាក្នុងស្រុក “ដាសសុល (Dassault)“ របស់ប្រទេសបារាំង ដើម្បីពង្រឹងវិស័យយោធាផ្លូវអាកាសសម្រាប់ឆ្លើយតបនឹងស្ថានការណ៍ចាំបាច់ជាក់ស្តែង។

លោក Macron បានថ្លែងដូច្នេះ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់មូលដ្ឋានកងទ័ពអាកាសនៅតំបន់ភាគខាងកើតប្រទេស ខណៈលោកក៏បានបញ្ជាក់ទៀតថា ប្រទេសបារាំងមានគម្រោងចំណាយប្រាក់សរុប ១.៦ពាន់លានដុល្លារ ដើម្បីធើ្វទំនើបកម្មមូលដ្ឋានទ័ពអាកាសរបស់ខ្លួន ក្នុងគោលដៅបំពាក់បច្ចេកវិទ្យាគ្រាប់មីស៊ីលនុយក្លេអ៊ែរជំនាន់ថ្មីសម្រាប់ក្រុមអ្នកបើកបរយន្តហោះចម្បាំងរបស់បារាំង។

ជុំវិញរឿងនេះ លោក Macron បានបន្ថែមថា “ប្រទេសបារាំងនិងសម្ព័ន្ធមិត្តអឺរ៉ុបទាំងអស់ ត្រូវតែបង្កើនការត្រៀមខ្លួនទុកសម្រាប់ការធានាសន្តិសុខក្នុងតំបន់ ដែលកំពុងប្រឈមនឹងការគំរាមកំហែងពីប្រទេសរុស្ស៊ី”។

ការប្រកាសរបស់លោក Macron នេះ ធើ្វឡើងបន្ទាប់ពីសភាអាឡឺម៉ង់ទើបបានព្រមព្រៀងគ្នាបង្កើនកញ្ចប់ថវិកាសម្រាប់វិស័យកសាងហេដ្ឋារចនាសម្ព័ន្ធនិងការពារជាតិ រហូតដល់ ៥០០ពាន់លានផោន ដើម្បីឆ្លើយតបនឹងស្ថានការណ៍សង្គ្រាមនៅអ៊ុយក្រែន។

គួរជម្រាបថា បន្ទាប់ពីមានរបត់នយោបាយនៅអាម៉េរិក ក្រុមប្រទេសជាច្រើននៅអឺរ៉ុបដែលធ្លាប់ពឹងផ្អែកខ្លាំងលើសហរដ្ឋអាម៉េរិក បាននាំគ្នាងាកមកពង្រឹងវិស័យការពារជាតិរបស់ខ្លួន និងបានឯកភាពគ្នាបង្កើតឡើងនូវ “សម្ព័ន្ធភាពឆន្ទៈរួម“ ដើម្បីចូលរួមធានាសន្តិសុខរបស់អឺរ៉ុប ក៏ដូចជាសម្រាប់ប្រទេសអ៊ុយក្រែនដែលកំពុងរងការឈ្លានពានរបស់រុស្ស៊ី៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect