សង្គម

មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ចងសម័្ពន្ធមេត្រីភាពដើម្បីស្វែងយល់បញ្ហាប្រឈមនានា

image



បាត់ដំបង៖ លោក សាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតបានដឹកនាំក្រុមការងារចុះទស្សនកិច្ចស្វែងយល់ការងារគ្រប់គ្រង និងដឹកនាំ និងបញ្ហាប្រឈមរបស់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលជាមន្ទីរពេទ្យចងសម្ព័ន្ធមេត្រីភាពជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ។

ក្នុងជំនួបនោះដែរ ក៏មានការអញ្ជើញចូលរួមពីលោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង និងលោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង​ ដឹកនាំអមធ្វើទស្សនៈកិច្ចដោយផ្ទាល់នូវផ្នែកសំខាន់ៗ របស់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង រួមមានផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែករូបភាពវេជ្ជសាស្ត្រ ផ្នែកមន្ទីរពិសោធន៍ ផ្នែកត្រចៀក ច្រមុះ បំពង់ក ផ្នែកឱសថស្ថាន ផ្នែកប្រពោធនកម្ម ផ្នែកសល្យសាស្រ្ត ផ្នែកកុមារ ផ្នែកសម្ភព ផ្នែករោគស្ត្រី​ និងផ្នែកមួយចំនួនទៀត ។

បន្ទាប់ពីបានចុះទស្សនកិច្ចនៅតាមផ្នែកនានារួចមក លោកវេជ្ជបណ្ឌិត ហាន ឧត្តម ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង​ បានធ្វើបទបង្ហាញស្តីពីស្ថានភាពទូទៅ សកម្មភាពផ្តល់សេវា និងបានលើកឡើងនូវបញ្ហាប្រឈមនានា ជូនប្រតិភូនៃមន្ទីរពេទ្យកាល់ម៉ែតជ្រាប ក៏ដូចជាជួយដោះស្រាយតាមស្ថានភាពជាក់ស្តែង ។

មន្ទីរពេទ្យខេត្តបាត់ដំបង ត្រូវបាន និងកំពុងក្លាយខ្លួនទៅជាមន្ទីរពេទ្យតំបន់ ដែលនឹងមានសមត្ថភាពបម្រើសេវាកម្រិតខ្ពស់ជូនប្រជាពលរដ្ឋ ។

សូមបញ្ជាក់ផងដែរថា ដើម្បីជួយលើកកម្ពស់គុណភាពព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅតាមបណ្តាខេត្ត ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការផ្តល់សេវារបស់មន្ទីពេទ្យបង្អែក និងមណ្ឌលសុខភាពតាមបណ្តាខេត្ត ជាពិសេសការអនុញ្ញាតជូនមន្ទីរពេទ្យថ្នាក់ជាតិទាំង១០ ធ្វើការចងសម្ព័ន្ធមេត្រីភាពជាមួយនឹងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្ត ដើម្បីជួយពង្រឹងលើការងារគ្រប់គ្រង ការបណ្តុះបណ្តាលធនធានមនុស្ស និងការធ្វើនវានុវត្តន៍លើបច្ចេកទេសវេជ្ជសាស្ត្រថ្មីៗជាដើម ៕

ដោយ៖ ឡាច សុគន្ធាវី