កម្ពុជា មានមហិច្ឆតា ធ្វើយ៉ាងណាជំរុញខ្លួនឯង ឲ្យក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០
| ព័ត៌មានជាតិ
SHARE

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១០ ខែមករានេះ បានអនុញ្ញាតឲ្យឯកឧត្តមសាស្ត្រាចារ្យ ជែហ្វី្រ សាច (Jeffrey D.Sachs) ទីប្រឹក្សាពិសេសអគ្គលេខាធិការ អង្គការសហប្រជាជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សម្ដេចតេជោ ក៏បានជម្រាបជូន ឯកឧត្តមជែហ្វ្រីដែរថា កម្ពុជាមានមហិច្ឆតា ធ្វើយ៉ាងណាជំរុញកម្ពុជា ឲ្យក្លាយទៅជាប្រទេសចំណូលមធ្យម កម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ កន្លងមកកម្ពុជាបានដាក់ចេញ នូវគោលនយោបាយស្បៀង និងនាំអង្ករចេញ ហើយក៏បានទទួលជោគជ័យ ជាពិសេសលើគោលនយោបាយស្បៀង កម្ពុជាដែលជាប្រទេសមួយ ធ្លាប់តែខ្វះស្បៀងអាហារ បានប្រែក្លាយទៅ ជាប្រទេសមួយ មានអតិរេកស្បៀង (សល់ស្បៀវលើសតម្រូវការ) ទៅវិញ។ ពេលនោះទៀត កម្ពុជាក៏បានដាក់ចេញ នូវគោលនយោបាយ ឧស្សាហកម្មដែរ ដើម្បីធ្វើយ៉ាងណា ជំរុញឧស្សាហកម្មកម្ពុជា ដើម្បីជំរុញកម្ពុជា ឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានប្រាប់ឲ្យដឹងថា ឯកឧត្តម ជែហ្វី្រ បានបង្ហាញក្តីរីករាយ ដែលបានជួបសម្តេចតេជោ សារជាថ្មីម្តងទៀត បន្ទាប់ពីបានជួបកាលពី១៥ឆ្នាំមុន។ ឯកឧត្តម បានគោរពជម្រាបជូន សម្ដេចតេជោថា ក្នុងដំណើរទស្សនកិច្ច របស់ឯកឧត្តម មកកាន់កម្ពុជានៅពេលនេះ គឺបានឃើញដោយផ្ទាល់ភ្នែក នូវការអភិវឌ្ឍរបស់កម្ពុជា ដែលក្នុងនោះមានទាំងការអភិវឌ្ឍ លើវិស័យសេដ្ឋកិច្ច វិស័យសុខាភិបាល និងការអភិវឌ្ឍដូចប្រទេសដទៃទៀត ដែលហួសពីការស្មាន។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមនឹងទៅប្រទេសឡាវ ប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី ពោលគឺបីប្រទេស ដើម្បីធ្វើយ៉ាងណា ពង្រឹងនិងជំរុញលើកទឹកចិត្ត កិច្ចសហប្រតិបត្តិការ រវាងប្រទេសអាស៊ាន និងសហគមន៍អឺរ៉ុប ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ដឹកជញ្ជូន និងអាយធីជាដើម ធ្វើយ៉ាងណាឲ្យសហគមន៍អឺរុបនិងអាស៊ាន មានទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការល្អ។ 

ឯកឧត្តមនឹងធ្វើទស្សនកិច្ច ទៅជួបថ្នាក់ដឹកនាំសហគមន៍អឺរ៉ុប នៅសប្តាហ៍បន្ទាប់ ហើយឯកឧត្តមប្តេជ្ញា ជំរុញលើកស្ទួយ កិច្ចសហប្រតិបត្តិការរវាង សហគមន៍អឺរ៉ុបនិងអាស៊ាន និងសង្កត់ធ្ងន់ អំពីសារៈសំខាន់ រវាងកិច្ចសហប្រតិបត្តិការ រវាងតំបន់របស់នេះ។ ឯកឧត្តមលើកឡើងថា មិនចង់ឃើញមានការបែកបាក់គ្នា រវាងតំបន់និងតំបន់នោះទេ ផ្ទុយទៅវិញឯកឧត្តម នឹងឆ្លុះបញ្ចាំងនូវភាពខ្លាំង និងកិច្ចសហប្រតិបត្តិការរវាងតំបន់ និងតំបន់ទៅវិញ។

ឯកឧត្តម បានមានប្រសាសន៍ថា អាស៊ានគឺមានសក្តានុពលខ្ពស់ អាស៊ានបើបូកបញ្ចូលជាមួយនឹងអាស៊ានចិន អាស៊ានជប៉ុន និងអាស៊ានកូរ៉េ នោះតំបន់អាស៊ាន នឹងមានការអភិវឌ្ឍដោយគ្មានដែនកំណត់ ជាពិសេសលើវិស័យបច្ចេកវិទ្យា ដែលបច្ចេកវិទ្យានេះ អាចយកមកប្រើប្រាស់ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តមបានជម្រាបជូន សម្ដេចតេជោថា ឯកឧត្តមត្រៀមជានិច្ច ដើម្បីធ្វើយ៉ាងណាជួយដល់កម្ពុជា ជំរុញការអភិវឌ្ឍរបស់កម្ពុជា តំបន់អាស៊ាន និងតំបន់ដទៃទៀត ឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។

ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណ ចំពោះការចាប់អារម្មណ៍ របស់ឯកឧត្តម ជែហ្វី្រ ពីការអភិវឌ្ឍទាំងឡាយណា ដែលមាននៅក្នុងកម្ពុជា។ សម្តេចបន្តថា ការអភិវឌ្ឍទាំងនោះ គឺសុទ្ធសឹងតែជាកិច្ចប្រឹងប្រែង របស់ប្រជាជនកម្ពុជា របស់សាការីរបស់សម្ដេច បាននាំកម្ពុជាមកកាន់ ដល់ចំណុចអភិវឌ្ឃនេះ។  

សម្ដេចតេជោមានប្រសាសន៍ថា កាលពី១៥ឆ្នាំមុន សម្ដេចបានជួបជាមួយនឹង ឯកឧត្តមជែហ្វ្រី គឺបានពិភាក្សាគ្នា អំពីបញ្ហាការអភិវឌ្ឍសហវត្ស។ ប៉ុន្តែនៅពេលនេះ គឺយើងពិភាក្សាជាថ្មីម្ដងទៀត លើការអភិវឌ្ឍប្រកបដោយចីរភាពវិញ ហើយការអភិវឌ្ឍន៍ ប្រកបដោយចីរភាពនេះ គឺមានសារៈសំខាន់ណាស់ សំខាន់ជាងគេបំផុត គឺវិស័យបរិស្ថានតែម្តង។ 

សម្តេចបន្តថា បញ្ហាបច្ចុប្បន្ននេះ គឺបញ្ហាស្ទះចរាចរណ៍ ដែលកាលពី១៥ឆ្នាំមុន មិនដែលបានឃើញទេ ហើយក៏ដូចជាបញ្ហាចំណតរថយន្ត បញ្ហាសំណល់រឹង សំណល់រាវ ជាពិសេសទៅទៀតនោះ គឺបញ្ហាប្រែប្រួលអាកាសធាតុ បញ្ហានេះបាននាំមកនូវការបារម្ភសម្រាប់កម្ពុជា ជាពិសេសលើវិស័យកសិកម្មផង លើវិស័យធនធានទឹកផង ដែលធ្វើឲ្យកម្រិតទឹកនៅកម្ពុជា មានកម្រិតទាប ក្នុងន័យនេះសម្ដេចតេជោ បានមានប្រសាសន៍ថា យើងគប្បីណារួមគ្នា ធ្វើការដោះស្រាយ ជាពិសេសបញ្ហាប្រែប្រួលអាកាសធាតុនេះ ដែលកម្ពុជាគាំទ្រគោលនយោបាយ និងរាល់អ្វីៗ ដែលជាពាក់ព័ន្ធនឹងបញ្ហានេះ ដែលអង្គការសហប្រជាជាតិ បានដាក់ចេញមក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation