សង្គម

ក្រសួងវប្បធម៌ និងអាជ្ញាធរស្រុកថ្មពួក បានដោះស្រាយបញ្ចប់បញ្ហាការងារ នៃដំណើរការសាងសង់របងនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបន្ទាយឆ្មារ ធ្វើយ៉ាងណាកុំអោយបញ្ហាតិចតួចកាន់តែធំឡើងៗ

image


បន្ទាយមានជ័យ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: តាមរយ:អគ្គនាយកដ្ឋានបេតិកភ័ណ និងអាជ្ញាធរខេត្តបន្ទាយមានជ័យតាមរយ:អាជ្ញាធរស្រុកថ្មពួក បានដោះស្រាយបញ្ចប់បញ្ហាការងារដំណើរការសាងសង់របងនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបន្ទាយឆ្មារ ដែលជាព្រះរាជអំណោយព្រះករុណាមហាក្សត្រ។ នេះបើយោងខ្លឹមសារស្មារតីកិច្ចប្រជុំពិភាក្សារវាងស្ថាប័នខាងលើ ដែលអ្នកសារព័ត៌មានទទួលបានច្បាប់ចម្លង នៅថ្ងៃទី២៧ខែកុម្ភ: ឆ្នាំ២០២៥។


លោក អ៊ុក សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភ័ណ្ឌ បានលើកឡើងថា កិច្ចប្រជុំគឺពិភាក្សារកដំណោះស្រាយបញ្ចប់លើបញ្ហាដែលកើតមានក្នុងដំណើរការសង់របងសាលារៀននេះ អោយចប់សព្វគ្រប់ ធ្វើយ៉ាងណាកុំអោយបញ្ហាបន្តិចបន្តួចកាន់តែធំឡើងៗ និងត្រូវយល់គ្នាទៅវិញទៅមក ហើយត្រូវដកថយពីការចោទបញ្ហាដាក់គ្នាទៅវិញទៅមក ដែលការប្រជុំនេះមិនមែនមករារាំងដំណើរការសាងសង់របង និងអគារនោះទេ។


លោក អែម សុខា អភិបាលស្រុកថ្មពួក បានលើកឡើងថា ដំណើរការសាងសង់អគារ និងរបងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបន្ទាយឆ្មារ ការអនុវត្តដោយផ្អែកលើ : ១-លិខិតលេខ៥៥២/២៣ រវ .សជណចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ របស់ក្រសួងព្រះបរមរាជវាំង ២-លិខិតលេខ៤៧១ ឆត ចុះថ្ងៃទី១២ខែតុលាឆ្នាំ២០២៣ របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ ៣-អនុវត្តបទបញ្ជារ និងការចង្អុរបង្ហាញរបស់លោកអភិបាលខេត្តបន្ទាយមានជ័យ។


សូមជម្រាបថា បន្ទាប់ពីលិខិតសំណើរបស់គណ:គ្រប់គ្រងសាលា ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដែលបានចារឯកភាពលើសំណើពីមេឃុំបន្ទាយឆ្មារ ,អភិបាលស្រុកថ្មពួក និងអភិបាលខេត្ត។ ក្រោយបានក្រាបបង្គុំទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដើម្បីសាងសង់អគារសិក្សា២ខ្នងមាន១០បន្ទប់ ខ្លោងទ្វារបេតុង និងរបងបេតុងព័ទ្ធលួសបន្លា។ ព្រះករុណាទ្រង់សព្វព្រះទ័យប្រទានតាមសំណើ ហើយចាត់សម្តេចមហាមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំង គុយ សុផល ចុះពិនិត្យ សម្របសម្រួល និងដឹកនាំសាងសង់។


លោក អែម សុខា បានបន្តថា: ការអនុវត្តអោយជាងនៃក្រុមសម្តេចឪ ដំណើរការសាងសង់ទៅតាមខ្លឹមសារលិខិតផ្នែកខាងមុខ។ ក្នុងនោះ ក្នុងនាមអភិបាលស្រុក និងជាប្រធានគណ:បញ្ជាការកងឯកភាពស្រុក បានដឹកនាំទទួលខុសត្រូវចំពោះការសាងសង់របង ប្រសិនក្នុងករណីមានការហាមឃាត់ក្រុមជាងសាងសង់ពីបុគ្គលណាឬក្រុមណា ចង្អុលបង្ហាញអោយមានការប្តូរទីតាំងថ្មី ក្នុងនាមរដ្ឋបាលស្រុក នឹងសរេសេរបាយការណ៍គោរពជូនលោកអភិបាលខេត្តបន្ទាយមានជ័យ ដើម្បីលោករាយការណ៍បន្តទៅថ្នាក់លើទៀត។ បើសិនជាសាងសង់ខុសពីទីតាំងរបងចាស់ ធ្វើអោយសមិទ្ធផលដែលមាននៅក្នុងសាលាស្រាប់ដូចជាឡដុតសំរាម បង្គន់អនាម័យ និងផ្ទះសំណាក់គ្រូ នឹងត្រូវស្ថិតនៅក្រៅរបងសាលាវិញ។ ដូច្នេះសូមអោយក្រុមជាងសាងសង់ស្របតាមខ្លឹមសារលិខិតរបស់ក្រសួងវប្បធម៍ និងវិចិត្រសិល្ប: ដដែល ។


សូមបញ្ជាក់ថា វិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសបន្ទាយឆ្មារស្ថិតនៅផ្លូវជាតិលេខ៥៦បេ ភូមិស្រះជ្រៃឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យ មានផ្ទៃដីទំហំ១២,៥ហិចតា។ ក្នុងនោះ មកទល់ពេលនេះ ការសាងសង់សង់អគារ២ខ្នង កម្ពស់១ជាន់មកទល់ពេលនេះសង់បាន៩០%។ ឯផ្នែករបងបង្គោលបេតុងព័ទ្ធលួសបន្លាវិញសង់បាន៧០%។ កន្លងមក ការសាងសង់របងនេះ មានបញ្ហារារាំង បង្ករាំងស្ទះ។


ក្នុងកិច្ចប្រជុំគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៥ កន្លងមក លោកអ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បានបន្ទោសលោកយង់ តាំងគួយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្យសិល្ប:ខេត្ត ដែលបានបណ្តោយអោយមន្ត្រីកិច្ចសន្យាម្នាក់ នៅបន្ទាយឆ្មារបង្កក្រឡុករារាំងនូវការសងរបងបេតុងព័ទ្ធលួសបន្លាលើទីតាំងចាស់នៅវិទ្យាល័យនេះ។ ពោលគឺផ្ទុយពីខ្លឹមសារលិខិតក្រសួងវប្បធម៍ និងវិចិត្រដូចខាងលើ ។ ម្យ៉ាងទៀតលិខិតនោះ មិនទៅដល់ទាន់ពេលតាមកន្លែងចម្លងជូនដូចជារដ្ឋបាលខេត្ត ស្រុក ឃុំជាដើម ។


ដោយមានបាតុភាពដូច្នោះ ទើបតមក ក៏មានកិច្ចប្រជុំដោះស្រាយមួយកាលពីថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៥ នៅសាលាស្រុកថ្មពួករវាងមន្ត្រីក្រសួងវប្បធម៌និងអាជ្ញាធរដែនដី ហើយបានលទ្ធផលដូចខាងលើ។ ក្នុងនោះ បន្ទាប់ពីកិច្ចប្រជុំ មន្ត្រីបានចុះពិនិត្យនៅទីតាំងសាងសង់អគារ និងរបងសាលា ដើម្បីជាសក្ខីភាព និងស្មារតីទទួលខុសត្រូវ បញ្ចប់រាល់បញ្ហាដែលកើតឡើងកន្លងមក៕


អត្ថបទ៖ជា ថន