រថយន្តបុករះម៉ូតូ ៣គ្រឿង បណ្តាលឱ្យបុរសម្នាក់រងរបួសបែកប្រអប់ដៃធ្ងន់ធ្ងរ

ភ្នំពេញ៖ រថយន្តបុករះម៉ូតូ ៣គ្រឿង និងបានគៀជាប់នឹងជញ្ជាំងបណ្តាលឱ្យមនុស្សម្នាក់រងរបួសបែកប្រអប់ដៃធ្ងន់ធ្ងរ បញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ២:១០នាទីរសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវ១៩៦៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់វ័យជាង៣០ឆ្នាំ បានបើកបររថយន្តម៉ាក Nissan Navara ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-1023 បើកបរពីលិចទីកើត តាមបណ្តោយផ្លូវលេខ ១៩៦៦ ខណៈមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅម៉ូតូសណ្តោងរ៉ឺម៉ក់ និងបង្គោលភ្លើងបំភ្លឺផ្លូវ ដោយមិនទាន់អស់ល្បឿនបានបន្តទៅបុកម៉ូតូ ៣គ្រឿង រងការខូចខាត និងជ្រុលបុកទម្លុះហាងកាហ្វេខូចខាតសម្ភារមួយចំនួន និងបណ្តាលឱ្យមនុស្សម្នាក់រងរបួសបែកប្រអប់ដៃធ្ងន់ធ្ងរ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ បានឲ្យភាគីទាំងសងការខូចខាត និងដោះស្រាយគ្នានៅនឹងកន្លែងកើតហេតុ ដើម្បីបញ្ចប់រឿង៕
ដោយ៖ ឌីយ៉ាម៉ង់










