សង្គម

ពលរដ្ឋងាកមកទទួលការព្យាបាល និងពិគ្រោះជំងឺ នៅមន្ទីរពេទ្យខេត្តកែប ជាមួយឥរិយាបថស្វាគមន៍ប្រកបដោយវិជ្ជាជីវៈរបស់គ្រួពេទ្យ

image


កែប៖ ខេត្តកែបមានមន្ទីរពេទ្យធំចំនួន១ គឺមន្ទីរពេទ្យខេត្តកែប និងមណ្ឌលសុខភាព ចំនួន៥ ដែលកំពុងផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាមួយការយកចិត្តទុក ដាក់រឹតបណ្តឹងលើវិន័យក្រមសីលធម៌ និងវិជ្ជាជីវៈជាគ្រួពេទ្យ ជាមួយការកែលំអ ហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់នូវបរិក្ខារពេទ្យ ព្រមទាំងការពង្រឹងចំណេះដឹងបន្ថែមដែរផង។

ការណ៍នេះ បានធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានជំនឿជឿជាក់ក្នុងការមកទទួលសេវាសុខាភាពនានាតាមបណ្តាមន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាព ក្នុងនោះអ្នកជំងឺដែលប្រើប្រាស់ប័ណ្ណសមធម៌ និងប័ណ្ណសមាជិក ប.ស.ស (បេឡាជាតិរបបសន្តិសុខសង្គម) រឹតតែត្រូវទទួលបានការយកចិត្តទុកដាក់។

លោកវេជ្ជបណ្ឌិត នួន សំនៀងសត្យា ប្រធានមន្ទីរពេទ្យខេត្តកែប បានឲ្យដឹងថា ក្នុងឆ្នាំ ២០២៤កន្លងទៅមន្ទីរពេទ្យខេត្តកែប ទទួលពិគ្រោះជំងឺក្រៅ បានចំនួន ១១.៦៤៧នាក់ ក្នុងនោះអ្នកជំងឺសម្រាកពេទ្យមានចំនួន ៣.១២៥នាក់។ លោកបន្ថែមថា មួយរយៈកន្លងទៅនេះប្រជាពលរដ្ឋបានងាកមកប្រើប្រាស់សេវាផ្សេងៗ របស់មន្ទីរពេទ្យខេត្តកែបកាន់តែច្រើនឡើង។

លោកវេជ្ជបណ្ឌិត លើកឡើងថា ការកើនឡើងនៃចំនួនប្រជាពលរដ្ឋមកទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យរដ្ឋ ដោយសារការកែលំអនូវហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ធនធានមនុស្សពូកែៗកាន់តែច្រើនតាមរយៈការបណ្តុះបណ្តាលបន្ថែម ពិសេសគឺការពង្រឹងឥរិយាបថ ក្រមសីលធម៌ វិជ្ជាជីវៈគ្រួពេទ្យ របស់យើងក្នុងការទទួលរាក់ទាក់អ្នកជំងឺ ដោយមិនមានការរើសអើង។

លោកយាយ ពៅ សុខ រស់នៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បានឲ្យដឹងថា លោកយាយតែងមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យខេត្តកែប ដោយការមកទទួលសេវាព្យាបាលនៅទីនេះ មានភាពងាយស្រួលរហ័ស ជាមួយការយកចិត្តទុកដាក់របស់ក្រុមគ្រួពេទ្យ ហើយកន្លងទៅលោកយាយមិនដែលទទួលបានការប្រងើយកន្តើយ ពីសំណាក់ក្រុមគ្រួពេទ្យនោះទេ។

ពលរដ្ឋមួយរូបទៀត ឈ្មោះ លី ក្រៀម ដែលមកទទួលសេវាពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យខេត្តកែប បានឲ្យដឹងដែរថា តាមរយៈប័ណ្ណសមធម៌ អ្នកស្រីបានការទទួលរាក់ទាក់ ពីសំណាក់ក្រុមគ្រួពេទ្យនៅទីនេះ ដែលនេះធ្វើឲ្យអ្នកស្រីមានអារម្មណ៍កក់ក្តៅ «លែងខ្លាចពេទ្យ» ដូចកាលពេលកន្លងទៅ។

យោងរបាយការណ៍របស់ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកែប បានបញ្ជាក់ថា ឆ្នាំ២០២៤កន្លងទៅ នៅតាមបណ្តាមណ្ឌលសុខភាព និងមន្ទីរពេទ្យខេត្តកែប មានពលរដ្ឋមកពិគ្រោះជំងឺក្រៅជាង ៣ម៉ឺននាក់ (៣១.៧៧៥នាក់) ករណីពិនិត្យផ្ទៃពោះសរុប ២.៤៧៩នាក់ សម្រាលកូន៣៣៨នាក់ ក្នុងនោះអ្នកជំងឺដែលប្រើប្រាស់ប័ណ្ណសមាជិក ប.ស.ស ចំនួន ៣.៦៣៦នាក់ និងប័ណ្ណសមធម៌ចំនួន ៩.២២៥នាក់៕

អត្ថបទ៖ ង៉ុង សាន់