ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ ធ្វើពិធីក្រុងពាលីតាមបែបសាសនា ក្នុងការបើកការដា្ឋនសាងសង់អគារអន្តេវាសិកដ្ឋាន​«សម្តេចតេជោសន្តិភាព» កម្ពស់៧ជាន់

image


ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានធ្វើពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចម្រុងចម្រើន ក្នុងការបើកការដា្ឋនសាងសង់អគារអន្តេវាសិកដ្ឋាន«សម្តេចតេជោសន្តិភាព»កម្ពស់ ៧ជាន់ ស្ថិតនៅក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥​។

តាមប្រពៃណីទំនៀមទម្លាប់ខ្មែរ មុននឹងចាប់ផ្តើមសាងសង់សំណង់ផ្សេងៗ ដើម្បីឲ្យការសាងសង់នោះប្រព្រឹត្តទៅដោយរលូន និងមានសេចក្តីសុខសេចក្តីចម្រើន តែងប្រារព្វពិធីនេះឡើងមិនខកខានឡើយ។ សម្រាប់ពិធីតាមបែបសាសនានេះ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាព្រះគណៈធម្មយុត្តិកនិកាយ និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាអម្ចាស់នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ក៏បានយាងប្រកាសទេវតា និងស្វាធ្យាយព្រះបរិត្តពុទ្ធជ័យមង្គលក្នុងពិធីនេះផងដែរ។

សូមបញ្ជាក់ថា គម្រោងសាងសង់អគារអន្តេវាសិកដ្ឋាន សម្តេចតេជោសន្តិភាពនេះ មានកម្ពស់៧ជាន់ មានបណ្តោយប្រវែង៣៧ម៉ែត្រ និងទទឹង៩ម៉ែត្រ ស្មើនឹង ៤២បន្ទប់ ដោយចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី២១ ខែកុម្ភៈ និងត្រូវប្រើប្រាស់ពេលវេលានៃការសាងសង់ចំនួន ១២ខែ ទើបបញ្ចប់ ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន,​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត៕